(ប៉េកាំង)៖ ប្រភពពីការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សរបស់ចិនបានប្រកាសថា កាលពីយប់ថ្ងៃទី៣១ ខែតុលា វេលាម៉ោង ២៣:៤៤នាទី (ម៉ោងនៅទីក្រុងប៉េកាំង) រ៉ុក្កែតដឹកជញ្ជូន Long March-2F ត្រូវបានបាញ់បង្ហោះយ៉ាងជោគជ័យនៅឯទីលានបាញ់បង្ហោះយានអវកាស Jiuquan ដោយផ្ទុកយានអវកាសផ្ទុកមនុស្ស Shenzhou-21។ 
ប្រមាណជា ១០នាទីក្រោយមក យានអវកាសបានបំបែកខ្លួនចេញពីរ៉ុក្កែតដោយរលូន និងបានហោះចូលគន្លងតារាវិថីតាមការគ្រោងទុក ខណៈក្រុមអវកាសយានិកទាំងអស់មានសុខភាពល្អប្រសើរ។ បេសកកម្មបាញ់បង្ហោះនេះទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។
បន្ទាប់ពីចូលដល់គន្លងតារាវិថី យានអវកាស Shenzhou-21 បានភ្ជាប់ខ្លួនដោយស្វ័យប្រវត្តិ និងឆាប់រហ័សទៅកាន់ស្ថានីយអវកាស។ នៅវេលាម៉ោង ៤:៥៨នាទី ព្រឹកថ្ងៃទី១ ខែវិច្ឆិកា (ម៉ោងនៅទីក្រុងប៉េកាំង) ក្រុមអវកាសយានិកនៃយានអវកាស Shenzhou-20 ដែលកំពុងបំពេញបេសកកម្ម បានបើកទ្វារស្វាគមន៍ក្រុមអវកាសយានិក Shenzhou-21 ចូលទៅកាន់ស្ថានីយអវកាស។ នេះគឺជាលើកទី៧ ហើយដែលក្រុមអវកាសយានិកទាំងពីរបានជួបជុំគ្នាលើលំហអវកាស ក្នុងប្រវត្តិសាស្ត្រអវកាសរបស់ចិន។ បន្ទាប់មក ក្រុមអវកាសយានិកទាំងពីរនឹងប្ដូរវេនគ្នាប្រចាំការនៅស្ថានីយអវកាសនេះ។ (វិទ្យុមិត្តភាពកម្ពុជាចិន)។ ផ្ដល់សិទ្ធិដោយ៖ Freshnews
