ក្រសួងព័ត៌មាន ប្តេជ្ញាប្រឆាំងនិទណ្ឌភាព និងលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានកម្ពុជា

ក្រសួងព័ត៌មាន ប្តេជ្ញាប្រឆាំងនិទណ្ឌភាព និងលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានកម្ពុជា

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា កម្ពុជាប្តេជ្ញាប្រឆាំងដាច់ខាតនូវនិទណ្ឌភាព។ ក្រសួងព័ត៌មានបាននិងកំពុងបន្តលើកកម្ពស់យុត្តិធម៌ និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន ស្របតាមគោលការណ៍អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិមុនៗ រហូតមកដល់អាណត្តិទី៧បច្ចុប្បន្ននេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃអាទិត្យ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកបានបន្តថា ការធានាបរិយាកាសល្អ ប្រកបដោយសុវត្ថិភាព និងអំណោយផលដល់ការបំពេញភារកិច្ចរបស់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍ ត្រូវបានពង្រឹង និងការពារជានិច្ច។ ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ខ្ពស់លើការផ្តល់កិច្ចគាំពារសង្គម និងផ្លូវច្បាប់ ចំពោះអ្នកសារព័ត៌មានដែលចុះបញ្ជីស្របច្បាប់ គោរពក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងអនុវត្តតួនាទីភារកិច្ចតាមច្បាប់កំណត់។

AKP បន្តរាយការណ៍ថា របាយការណ៍ស្ទង់មតិទូទាំងប្រទេសឆ្នាំ២០២៥ ស្តីពីស្ថានភាពសេរីភាពសារព័ត៌មានកម្ពុជា បានបង្ហាញលទ្ធផលវិជ្ជមានគួរឱ្យកត់សម្គាល់។ ជាង ៨៦% នៃអ្នកសារព័ត៌មាន បានអះអាងថា ខ្លួនមានសេរីភាពពេញលេញក្នុងការបំពេញការងារ ប្រកបដោយសុវត្ថិភាព គ្មានការយាយី និងមានភាពងាយស្រួលក្នុងការប្រមូល ផលិត និងផ្សព្វផ្សាយព័ត៌មានដោយសេរី។ តួលេខនេះបានកើនឡើង ៦,២% បើធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹម ៧៩,៨%។ លើសពីនេះ ៨១,៤% នៃអ្នកសារព័ត៌មាន បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ។

ទិន្នន័យនិងរបាយការណ៍ក្រសួងព័ត៌មានរយៈពេល ៨ឆ្នាំចុងក្រោយនេះ បានបញ្ជាក់ថា គ្មានអ្នកសារព័ត៌មានណាម្នាក់ត្រូវបាត់បង់ជីវិតពេលបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ឡើយ។ គិតពីឆ្នាំ២០២៤ ដល់ដើមឆ្នាំ២០២៥ មានអតីតអ្នកសារព័ត៌មាន និងមន្ត្រីក្រសួងព័ត៌មានសរុប ៤រូប បានទទួលមរណភាពដោយជរាពាធ។ ចំណែកអ្នកសារព័ត៌មានម្នាក់ទៀត បានទទួលមរណភាពដោយការលបបាញ់ដោយសារគំនុំផ្ទាល់ខ្លួន ដែលករណីនេះត្រូវបានដោះស្រាយតាមផ្លូវច្បាប់រួចរាល់ហើយ។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងព័ត៌មាន បានយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកសារព័ត៌មានទាំងអស់ដែលបំពេញភារកិច្ចប្រកបដោយក្រមសីលធម៌ ដោយអនុវត្តកម្មវិធីគាំពារ និងគោលនយោបាយលើកទឹកចិត្តប្រកបដោយសមធម៌ មិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

ក្រសួងព័ត៌មាន បានកំណត់ការការពារសិទ្ធិ និងសុវត្ថិភាពអ្នកសារព័ត៌មានជាអាទិភាព ដោយពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងបន្តណែនាំឲ្យប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាក្រមសីលធម៌មូលដ្ឋាន។ គោលបំណងគឺធានាការបំពេញការងារប្រចាំថ្ងៃរបស់អ្នកសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ ទូទាំងប្រទេសកម្ពុជា ប្រកបដោយភាពរលូន និងសុវត្ថិភាព។

គណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានរបស់ក្រសួងព័ត៌មាន បានទទួល និងដោះស្រាយបណ្តឹងចំនួន ២៣ករណី ដែលពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន ចាប់ពីខែមករា ដល់ដើមខែតុលា ឆ្នាំ២០២៥។ តាមរយៈការសម្របសម្រួលទាំងនេះ ភាគីជម្លោះ រួមទាំងអ្នកសារព័ត៌មាន បានទទួលយុត្តិធម៌ ហើយអ្នកកាសែតក៏ត្រូវបានការពារពីហានិភ័យនៃវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរផងដែរ។

ចំពោះបញ្ហានិទណ្ឌភាពវិញ ករណីណាមួយមិនអាចចាត់ទុកជានិទណ្ឌភាពបានទេ ប្រសិនបើនីតិវិធីតុលាការមិនទាន់បញ្ចប់ ព្រោះវាជាសមត្ថកិច្ចរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យនៅក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ។ នៅកម្ពុជា អ្នកសារព័ត៌មានត្រូវបានការពារដោយច្បាប់។ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងបន្តការពារសិទ្ធិសេរីភាពសារព័ត៌មាន និងលើកកម្ពស់សេរីភាពបញ្ចេញមតិឲ្យកាន់តែប្រសើរឡើង។ ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងគុណភាពសារព័ត៌មាន គឺជាយន្តការគន្លឹះដែលក្រសួងព័ត៌មាន កំពុងដឹកនាំអនុវត្ត ដើម្បីធានាទំនុកចិត្ត និងសិទ្ធិទទួលព័ត៌មានពិតរបស់ប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

លោកអ្នកនាំពាក្យ បានអំពាវនាវយ៉ាងទទូចដល់អ្នកសារព័ត៌មានទាំងអស់ ឲ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការប្រមូល ផលិត និងផ្សព្វផ្សាយព័ត៌មាន ដើម្បីធានានូវភាពសុក្រឹតត្រឹមត្រូវ។ លោកក៏បានណែនាំឲ្យអ្នកសារព័ត៌មានបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅពេលរាយការណ៍ពីប្រធានបទរសើបដូចជាករណីឧក្រិដ្ឋកម្ម ឬបទល្មើសផ្សេងៗ។ ពួកគេត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចជំនាញ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងសុវត្ថិភាពសាធារណៈ។ លើសពីនេះ លោកបានក្រើនរំលឹកថា អ្នកសារព័ត៌មានមិនត្រូវបំពានដែន ឬតួនាទីរបស់ខ្លួន ហើយមិនត្រូវប្រើព័ត៌មានដើម្បីទាញយកផលប្រយោជន៍ ដែលអាចនាំមកនូវផលវិបាក ហានិភ័យ ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

administrator

Related Articles