ខេត្តស្វាយរៀង ៖ អាជ្ញាធរបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយកាលពីថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៥ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សហការជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) និងកម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមនឹងព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀង បានចុះបង្ក្រាបនិងឆែកឆេរទីតាំងសង្ស័យពាក់ព័ន្ធនឹងករណីនេះនៅក្នុងកាស៊ីណូ ស៊ីលវើរ ស្តារ ស្ថិតក្នុងភូមិសាស្ត្រខេត្តស្វាយរៀងតែម្តង។ នេះបើតាមការប្រកាសរបស់ក្រសួងព័ត៌មានកាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា។

ប្រតិបត្តិការដ៏ធំនេះបានឈានដល់ការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២៣ នាក់ ក្នុងនោះមានជនជាតិស្រីលង្កា ៦ នាក់ (ស្ត្រី ១ នាក់) ប៉ាគីស្ថាន ៧ នាក់ (ស្ត្រី ២ នាក់) ហ្វីលីពីន ២ នាក់ (ស្រី ២ នាក់) នេប៉ាល់ ២ នាក់ (ស្ត្រី ២ នាក់) ឥណ្ឌា ១ នាក់ នីហ្ស៊េរីយ៉ា ១ នាក់ និងអាល់ហ្ស៊េរី ១ នាក់ (ដែលសមត្ថកិច្ចសង្ស័យជាជនរងគ្រោះ)។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនមេខ្លោងចំនួន ៣ នាក់ផងដែរ រួមមានជនជាតិចិនតៃវ៉ាន់ ១ នាក់ និងម៉ាឡេស៊ី ២ នាក់។ វត្ថុតាងជាច្រើនត្រូវបានដកហូត រួមមាន Call Center ចំនួន ២៤ ទូរ លិខិតឆ្លងដែន ១៩ ក្បាល និងទូរស័ព្ទដៃ ២០ គ្រឿង។


បន្ទាប់ពីប្រមូលបានភស្តុតាងគ្រប់គ្រាន់ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចចាត់វិធានការជាបន្ទាន់ ដោយព្យួរអាជ្ញាប័ណ្ណកាស៊ីណូ ស៊ីលវើរ ស្តារ មិនអនុញ្ញាតឲ្យបន្តដំណើរការអាជីវកម្មទៀតឡើយ។

ចំពោះមុខសញ្ញាមេខ្លោងទាំង ៣ នាក់ គឺជនជាតិចិនតៃវ៉ាន់ ១ នាក់ និងម៉ាឡេស៊ី ២ នាក់ ត្រូវបានបញ្ជូនទៅតុលាការខេត្តស្វាយរៀង ដើម្បីអនុវត្តនីតិវិធីផ្តន្ទាទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

រីឯជនបរទេស ២០ នាក់ផ្សេងទៀត ត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំបែបបទបន្តនីតិវិធីនិរទេសចេញពីកម្ពុជា។


សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងបន្តចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះមេខ្លោងទាំងឡាយណា ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ ក្នុងគោលបំណងលុបបំបាត់បទល្មើសនេះឲ្យអស់ពីកម្ពុជា។
