ជម្លោះរឿងលុយលើស ភ្ញៀវកាប់អ្នករត់កង់បីរបួសធ្ងន់ ផ្អើលមុខវត្តកំសាន្ត!

ជម្លោះរឿងលុយលើស ភ្ញៀវកាប់អ្នករត់កង់បីរបួសធ្ងន់ ផ្អើលមុខវត្តកំសាន្ត!

រាជធានីភ្នំពេញ៖ បុរសអ្នករត់កង់បីម្នាក់ ត្រូវបានភ្ញៀវរបស់ខ្លួនប្រើកាំបិតចាក់បណ្ដាលឲ្យរងរបួសធ្ងន់ ដោយសារជម្លោះរឿងបាញ់លុយលើសហើយសុំដកលុយក្រៅ តែអ្នករត់កង់បីរូបនេះគ្មានលុយឱ្យ ក៏កើតជាជម្លោះពាក្យសម្ដីរហូតឈានដល់អំពើហិង្សា។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៣ រំលងអធ្រាត្រឈានចូលថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅចំណុចខ្លោងទ្វារវត្តកំសាន្ត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ហាស់ សុមាន ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបររត់កង់បីឥណ្ឌា មានស្រុកកំណើតនៅភូមិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ចំណែកជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ជីវ អេងស៊ីវឡេង ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ជនសង្ស័យរូបនេះធ្លាប់ជាមុខសញ្ញាជាប់ពន្ធនាគារព្រៃស ពីបទឆក់កាបូបកាលពីអំឡុងឆ្នាំ ២០២៣ ហើយទើបតែចេញពីពន្ធនាគារនៅឆ្នាំ ២០២៥ នេះតែប៉ុណ្ណោះ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជាអ្នករត់កង់បីឥណ្ឌាបានដឹកជនសង្ស័យ និងគូរស្នេហ៍ម្នាក់ទៀត ពីម្ដុំស្ដុបក្រសួងមហាផ្ទៃ ក្នុងបំណងទៅផ្ទះជួលនៅម្ដុំវត្តកំសាន្ត។ លុះទៅដល់ចំណុចកើតហេតុខាងលើ នារីជាគូរស្នេហ៍របស់ជនសង្ស័យបានបាញ់លុយទៅឱ្យជនរងគ្រោះលើសចំនួន ហើយក៏បានសុំឱ្យអាប់លុយរាយក្រៅ។ ប៉ុន្តែអ្នករត់កង់បីបានប្រាប់ថាខ្លួនគ្មានលុយក្រៅទេ ក៏កើតជាជម្លោះពាក្យសម្ដី រហូតជនសង្ស័យបានទាញកូនកាំបិតតូចមួយចេញពីហោប៉ៅខោ ចាក់ទៅលើជនរងគ្រោះចំពីមុខផង និងចំពីក្រោយផង បណ្ដាលឱ្យហូរឈាមពេញខ្លួនតែម្ដង។

ប្រភពដដែលបានបន្តថា ពេលនោះជនរងគ្រោះបានរត់ទៅក្នុងភូមិដើម្បីសុំជំនួយ ហើយក៏មានបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នករត់កង់បីផ្សេងទៀតនៅក្បែរនោះ បានស្រែកគំហកទៅលើជនសង្ស័យ។ ភ្លាមៗនោះ ជនសង្ស័យបានរត់ទៅវាយកង់បីបណ្ដាលឱ្យបែកកញ្ចក់ រួចក៏រត់គេចខ្លួនចូលទៅក្នុងវត្តបាត់តែម្ដង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ។ ចំណែកជនសង្ស័យវិញ រហូតដល់ម៉ោង ៥ ព្រឹកថ្ងៃដដែល ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅចុះបង្ក្រាបបាន រួចនាំខ្លួនយកមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

administrator

Related Articles