ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានប្រកាសព័ត៌មានដ៏សំខាន់មួយ នៅថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអ្នកនាំពាក្យ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ពីការចាប់ផ្ដើមអនុវត្តផែនការកាត់បន្ថយអាវុធធុនធ្ងន់រវាងកម្ពុជា-ថៃ។
ការសម្រេចចិត្តនេះ គឺជាសញ្ញានៃការប្ដេជ្ញាចិត្តដ៏មោះមុតរបស់ប្រទេសទាំងពីរ ក្នុងការគោរពតាមសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ មុននេះបន្តិច នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅម៉ាឡេស៊ី ភាគីទាំងពីរក៏បានឯកភាពគ្នាលើគោលការណ៍សំខាន់ៗផងដែរ។ ជាក់ស្ដែង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំគ្នាជាពិសេសក្នុងក្របខ័ណ្ឌគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ហើយបានសម្រេចផែនការជាដំណាក់កាល ដើម្បីកែសម្រួលអាវុធធុនធ្ងន់ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញ។
យោងតាមផែនការនេះ ភាគីកម្ពុជា និងថៃ បានកំណត់យកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៦:៤៥ នាទីល្ងាច ជាពេលចាប់ផ្ដើមនៃការអនុវត្តដំណាក់កាលទី១ នៃការកែសម្រួលអាវុធធុនធ្ងន់។ ដំណើរការនេះនឹងត្រូវធ្វើឡើងក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ គួររំលឹកថា ដំណាក់កាលទី១ នេះនឹងចំណាយពេលសរុប ៣ សប្ដាហ៍ ពោលគឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។
មុនការអនុវត្តពេញលេញនេះ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៩ យប់ ភាគីទាំងពីរបានបង្ហាញនូវសុច្ឆន្ទៈ ដោយបានដករថពាសដែក ២គ្រឿងរបស់ខ្លួនម្នាក់ៗត្រឡប់ទៅទីតាំងដើមវិញ ដែលជាជំហានដំបូងជានិមិត្តរូប បន្ទាប់ពីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ។
ចំពោះភាគីកម្ពុជា ការកែសម្រួលអាវុធធុនធ្ងន់ដំណាក់កាលទី១ ត្រូវបានធ្វើឡើងនៅពីរទីតាំងក្នុងខេត្តព្រះវិហារ រួមមានស្រុកជាំក្សាន្ត និងស្រុករវៀង។ ស្របពេលជាមួយគ្នានេះ ភាគីថៃក៏នឹងអនុវត្តការកែសម្រួលអាវុធរបស់ខ្លួនក្នុងដំណាក់កាលដូចគ្នានេះផងដែរ។
កម្ពុជាមានជំនឿមុតមាំថា ភាគីទាំងពីរនឹងអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ យ៉ាងពេញលេញ ប្រកបដោយប្រសិទ្ធភាព ភាពស្មោះត្រង់ សុច្ឆន្ទៈ និងតម្លាភាព។ នេះគឺដើម្បីរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ព្រមទាំងការវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញឱ្យបានឆាប់រហ័ស ដើម្បីផលប្រយោជន៍យូរអង្វែងសម្រាប់ប្រទេសជាតិ និងប្រជាជនទាំងពីរជំនាន់ទៅមុខ។
សូមសាធារណជន និងស្ថាប័នព័ត៌មានជាតិ-អន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន៕ (ដោយ៖ តារា)
