ខេត្តកំពង់ស្ពឺ៖ រឿងភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈប្រជាពលរដ្ឋម្នាក់បានប្រទះឃើញកាំភ្លើងវែងចំនួន៣ដើម និងគ្រាប់៤០គ្រាប់ក្នុងចំការដូងរបស់ខ្លួន ក្បែរជើងភ្នំក្នុងឃុំទំព័រមាស ស្រុកសំរោងទង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ហើយបានយកទៅប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធី។

សមត្ថកិច្ចស្រុកសំរោងទងបានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោក ហេង សារ៉ុន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅក្នុងភូមិតាំងគម្ពី ឃុំទំព័រមាស បានទៅកាប់ឆ្ការសម្អាតចំការដូងរបស់ខ្លួនត្រង់ចំណុចភ្នំវែង ខាងជើងភូមិប្រជៀវបាត ចម្ងាយប្រហែល៤០០០ម៉ែត្រ ក្នុងភូមិប្រជៀវបាត ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពដដែលបានបន្តថា អាវុធដែលរកឃើញមានចំនួន៣ដើមនោះ រួមមាន៖ ទី១ កាំភ្លើងម៉ាក M16 ចំនួន១ដើម ជាមួយបង់១ និងគ្រាប់១៩គ្រាប់។ ទី២ កាំភ្លើងម៉ាក AK47 ចំនួន១ដើម ជាមួយបង់២ និងគ្រាប់២១គ្រាប់។ និងទី៣ កាំភ្លើងម៉ាក CKC ចំនួន១ដើមដែលមានសភាពខូចខាត។

ក្រោយការប្រទះឃើញ លោក ហេង សារ៉ុន ក៏បានមកបំភ្លឺនិងប្រគល់អាវុធទាំងអស់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទំព័រមាស នៅវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីធ្វើការស្រាវជ្រាវ និងបញ្ជូនបន្តទៅស៊ីម៉ាក់ផងដែរ៕
