ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយកាលពីពេលថ្មីៗនេះ ដោយជម្រាបជូនសាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែលកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២៥ ដែលមានឈ្មោះថា «កាលម៉េហ្គី» (Kalmaegi) T2525 រួចហើយ។ ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះនេះ នឹងទទួលរងឥទ្ធិពលក្នុងកម្រិត ៣០% ចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខនេះ។
ស្ថានភាពអាកាសធាតុបែបនេះ នឹងបង្កឱ្យមានការប្រែប្រួលគួរឱ្យកត់សម្គាល់ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដូចខាងក្រោម៖
១. តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចនឹងមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង ព្រមទាំងបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីប្រមាណ ២៥%។
២. តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី រួមទាំងតំបន់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចនឹងជួបប្រទះភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់ ដែលគ្របដណ្តប់លើផ្ទៃដីដល់ទៅ ៦៥%។
៣. តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ នឹងមានបរិមាណទឹកភ្លៀងកើនឡើងក្នុងកម្រិតមធ្យម ព្រមទាំងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៥០%។ រលកសមុទ្រក៏អាចនឹងមានកម្ពស់ខ្ពស់ ចាប់ពី ០,៥០ម៉ែត្រ (អប្បបរមា) ដល់ ២,៥០ម៉ែត្រ (អតិបរមា) ផងដែរ។
យោងតាមការព្យាករណ៍ខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់សាធារណជន ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់។ ក្រសួងនឹងបន្តតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាសជាប្រចាំ ដើម្បីជម្រាបជូនព័ត៌មានបន្ថែមទៀត ក្នុងករណីមានការប្រែប្រួល។
