ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានជំរុញអ្នកសារព័ត៌មានទាំងអស់ ឱ្យប្រើប្រាស់ចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាមួយរាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន។ ការងារនេះសំខាន់ណាស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិតក្នុងសង្គម។
លោកបានសង្កត់ធ្ងន់ថា៖ «ខ្ញុំជឿថា តាមរយៈបងប្អូនអ្នកសារព័ត៌មាន និងមន្ត្រីដែលចូលរួមវគ្គបណ្តុះបណ្តាល នឹងអាចចែករំលែកចំណេះដឹងទាំងនេះ ពីរបៀបទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ ខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានទាំងអស់ ប្រើប្រាស់សមត្ថភាពរបស់ខ្លួន បើឃើញព័ត៌មាន ឬរូបភាពណាមួយជាព័ត៌មានក្លែងក្លាយ ត្រូវចូលរួមប្រយុទ្ធប្រឆាំងជាមួយរដ្ឋាភិបាល និងក្រសួង»។

ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពីការផ្ទៀងផ្ទាត់ព័ត៌ត៌មានជាវីដេអូ និងការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ក្នុងប្រព័ន្ធផ្សព្វផ្សាយ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥, លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ បានបំពាក់នូវចំណេះដឹងថ្មីៗជាអាវុធដ៏មុតស្រួច ក្នុងការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដល់មន្ត្រីក្រសួង និងអ្នកសារព័ត៌មានអាជីពនៅកម្ពុជា។
លោកក៏បានលើកឡើងពីយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាល ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្សជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់គាំទ្រដល់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ លោកបានជំរុញឱ្យអ្នកសារព័ត៌មានបន្តបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពខ្លួន ដើម្បីដើរទាន់យុគសម័យថ្មី និងរួមចំណែកដល់ការអភិវឌ្ឍសង្គម។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា៖ «យើងត្រូវរៀនរស់ជាមួយព័ត៌មានក្លែងក្លាយ ព្រោះយើងមិនអាចទប់ស្កាត់វាទាំងស្រុងបានទេ។ វិធានការសំខាន់បំផុត គឺការបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន និងការផ្តល់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ។ ព្រមជាមួយគ្នានេះ ការចូលរួមទាំងអស់គ្នាគឺសំខាន់ណាស់ មិនមែនគ្រាន់តែរង់ចាំស្ថាប័នពាក់ព័ន្ធចេញមកបំភ្លឺនោះទេ។ បើបងប្អូនដឹងថាព័ត៌មានណាមួយក្លែងក្លាយ អាចចេញមកបញ្ជាក់ការពិតជាក់ស្តែងបាន ដោយចូលរួមជាមួយរដ្ឋាភិបាល និងក្រសួងព័ត៌មាន»។
គួរបញ្ជាក់ថា សិក្ខាសាលាស្ដីពីការផ្ទៀងផ្ទាត់ព័ត៌មានជាវីដេអូ និងការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ក្នុងប្រព័ន្ធផ្សព្វផ្សាយនេះ រៀបចំឡើងដោយក្រសួងព័ត៌មាន ក្រោមកិច្ចសហការគាំទ្រពីក្រុមហ៊ុន Viory រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ដល់ ៣១ ខែតុលា ឆ្នាំ២០២៥។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីការកែសម្រួលព័ត៌មានប្រកបដោយគុណភាព ការវិភាគវីដេអូ ការកំណត់ទីតាំងភូមិសាស្ត្រ ការផ្ទៀងផ្ទាត់ព័ត៌មានជាមួយ AI ការត្រួតពិនិត្យទិន្នន័យ Metadata ពាក្យគន្លឹះ ការស្វែងរកព័ត៌មានតាមបណ្តាញសង្គម និងការប្រើប្រាស់ AI language models ប្រកបដោយប្រសិទ្ធភាព។
