ខេត្តស្ទឹងត្រែង៖ យុទ្ធនាការដ៏ផុសផុល «កម្មវិធីរត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា» ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង ដើម្បីអបអរសាទរទិវាអន្តរជាតិក្មេងស្រីឆ្នាំ២០២៥។
ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីដើម្បីទាំងអស់គ្នា» បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងកិច្ចការនារី រដ្ឋបាលខេត្តស្ទឹងត្រែង និងមន្ទីរអង្គភាពជុំវិញខេត្ត។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ចំនួនអ្នកចូលរួមបានហក់ឡើងដល់ប្រមាណ ១.៥០០នាក់ ដែលជាតួលេខលើសពីការគ្រោងទុកដំបូងឆ្ងាយណាស់ ដោយសារតែមានអ្នកចុះឈ្មោះតាមប្រព័ន្ធអនឡាញត្រឹមតែ ៣៥០នាក់ប៉ុណ្ណោះ។
ការរត់ចម្ងាយ ៥គីឡូម៉ែត្រ ជុំវិញក្រុងស្ទឹងត្រែងនេះ មិនមែនត្រឹមតែជាសកម្មភាពកីឡានោះទេ តែជាយុទ្ធនាការដ៏មានគោលបំណងចម្បងមួយ គឺដើម្បីលើកកម្ពស់ការគាំទ្រពីសំណាក់ក្រុមគ្រួសារ សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប ជាពិសេសបុរស និងក្មេងប្រុស ក្នុងការផ្ដល់ឱកាសពេញលេញដល់ក្មេងស្រីឲ្យបានអនុវត្តនូវសិទ្ធិរបស់ខ្លួន និងចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
លើសពីនេះ កម្មវិធីក៏មានបំណងបង្កើនការអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីជំរុញឲ្យពួកគេក្លាយជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយគុណធម៌ សុជីវធម៌ និងសីលធម៌ ក្នុងការអភិវឌ្ឍជីវភាពផ្ទាល់ខ្លួន គ្រួសារ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិផងដែរ។
កម្មវិធី «រត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា» ដែលប្រារព្ធឡើងដើម្បីអបអរសាទរទិវាអន្តរជាតិក្មេងស្រីឆ្នាំ២០២៥ នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។
ព្រមជាមួយគ្នានោះ ក៏មានការចូលរួមពីលោក យី គីមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា រួមទាំងប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។

ប្រភពព័ត៌មាន៖ មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង។

