លោក ស៊ុន ចាន់ថុល ជួបប្រធាន Technoparc Montréal ស្វែងយល់គំរូឧទ្យានបច្ចេកវិទ្យាប្រកបដោយចីរភាពរបស់កាណាដា ត្រៀមជំរុញវិស័យបច្ចេកវិទ្យាកម្ពុជា

លោក ស៊ុន ចាន់ថុល ជួបប្រធាន Technoparc Montréal ស្វែងយល់គំរូឧទ្យានបច្ចេកវិទ្យាប្រកបដោយចីរភាពរបស់កាណាដា ត្រៀមជំរុញវិស័យបច្ចេកវិទ្យាកម្ពុជា

(ម៉ុងត្រេអាល់)៖ ក្នុងបេសកកម្មជំរុញវិនិយោគដ៏សំខាន់នៅប្រទេសកាណាដា កាលពីរសៀលថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅកាន់ទីក្រុងម៉ុងត្រេអាល់។ គណៈប្រតិភូនេះរួមមានថ្នាក់ដឹកនាំពីក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមឧកញ៉ាកម្ពុជា រួមទាំងស្ថានអគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងម៉ុងត្រេអាល់ផងដែរ។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងជួបពិភាក្សាការងារជាមួយលោក Paul Leduc ប្រធានផ្នែកប្រតិបត្តិការឧទ្យានបច្ចេកវិទ្យា “Technoparc Montréal” ។

ឧទ្យានបច្ចេកវិទ្យា “Technoparc Montréal” ដែលមានទីតាំងយុទ្ធសាស្ត្រនៅក្បែរអាកាសយានដ្ឋានអន្តរជាតិ Montréal–Trudeau (YUL) ក្នុងខណ្ឌសង់ឡូរ៉ង់ (Saint-Laurent) ក្រុងម៉ុងត្រេអាល់ ខេត្តគេប៊ិច ប្រទេសកាណាដា គឺជាគំរូដ៏ល្អឥតខ្ចោះសម្រាប់ការសិក្សាស្វែងយល់។

ជំនួបដ៏មានអត្ថន័យនេះ មានគោលបំណងយុទ្ធសាស្ត្រសំខាន់ៗ គឺសិក្សាស្វែងយល់ដោយផ្ទាល់ពីគំរូនៃការគ្រប់គ្រងឧទ្យានបច្ចេកវិទ្យា និងការអភិវឌ្ឍចង្កោមឧស្សាហកម្ម (Industry Clusters) ដ៏ជោគជ័យរបស់កាណាដា ជាពិសេសក្នុងវិស័យអវកាសយាន (Aerospace) និងបច្ចេកវិទ្យាទំនើបៗ។

កិច្ចពិភាក្សានេះក៏ជាឱកាសមាសសម្រាប់ការស្វែងរកភាពជាដៃគូ និងពិនិត្យមើលលទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយ “Technoparc Montréal” ដែលបានអភិវឌ្ឍប្រកបដោយនិរន្តរភាព (Sustainability)។ គោលដៅចម្បងគឺការចែករំលែកបទពិសោធន៍ក្នុងការរៀបចំ និងទាក់ទាញការវិនិយោគបច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ចូលមកកម្ពុជា ស្របតាមច្បាប់វិនិយោគថ្មី។ មិនតែប៉ុណ្ណោះ ជំនួបនេះក៏ផ្ដោតលើការពង្រឹងគុណភាពធនធានមនុស្ស តាមរយៈការសិក្សាពីតម្រូវការបច្ចេកទេស និងបច្ចេកវិទ្យា ដើម្បីកែលម្អកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា ឱ្យឆ្លើយតបទៅនឹងការរីកចម្រើននៃឧស្សាហកម្ម៤.០ ប្រកបដោយប្រសិទ្ធភាព។

administrator

Related Articles