លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្តរជាតិជំរុញទេសចរណ៍ដ៏សំខាន់ចំនួនពីរគឺ «ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤» និង «ពិធីបុណ្យកម្ពុជា» នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ ប្រទេសចិន កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ ក្នុងព្រឹត្តិការណ៍នេះ លោករដ្ឋមន្ត្រីបានអញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាគន្លឹះក្នុងកម្មវិធីបើកសម្ពោធពិព័រណ៍អន្តរជាតិប្រចាំឆ្នាំរបស់ទីក្រុងស៊ូចូវ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ចិនដូចជា លោក លីវ ស៊ាវថាវ (Liu Xiaotao) អភិបាលខេត្តជាំងស៊ូ, លោក Wu Qingwen អភិបាលក្រុងស៊ូចូវ រួមជាមួយតំណាងអង្គការ UNESCO, អ្នកជំនាញទេសចរណ៍ និងវប្បធម៌អន្តរជាតិ ព្រមទាំងអ្នកវិនិយោគិនចិន និងអន្តរជាតិ ប្រមាណជាង ៣០០នាក់។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងច្បាស់អំពីសក្តានុពលទេសចរណ៍ និងសម្បត្តិវប្បធម៌ដ៏សំបូរបែបរបស់កម្ពុជា ដែលជាគោលដៅទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍។ ជាមួយគ្នានេះ លោកក៏បានលើកបង្ហាញពីកាលានុវត្តភាពវិនិយោគដ៏ទូលំទូលាយនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនរបស់កម្ពុជា។ កត្តាសំខាន់ៗដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដ៏ទាក់ទាញរួមមាន សុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាពខ្ពស់ និងយន្តការលើកទឹកចិត្តដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្រៅពីការចូលរួមក្នុងពិធីបើក លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានអនុញ្ញាតឱ្យលោកប្រធានក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ឈ្មោះ Suzhou Heping International Travel Service Co., Ltd ចូលជួបសម្តែងការគួរសម និងស្វែងយល់លម្អិតអំពីស្ថានភាពពិតនៃនយោបាយ សន្តិសុខ សង្គម និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាអំពីយន្តការទាក់ទាញ និងលើកទឹកចិត្តដល់វិនិយោគិនបរទេសដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសគឺការស្វែងយល់ស៊ីជម្រៅអំពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា។
កិច្ចប្រជុំនេះបានធ្វើឡើងនៅឯពន្លាទេសចរណ៍ដ៏ស្រស់ស្អាត និងទាក់ទាញរបស់កម្ពុជា ដែលបានរៀបចំឡើងយ៉ាងពិសេសក្នុងពិព័រណ៍អន្តរជាតិនេះ។ តាមរយៈជំនួបនេះ ក្រុមហ៊ុនចិនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងយល់ពីឱកាសវិនិយោគ និងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា ដើម្បីទាញយកប្រយោជន៍ពីសក្តានុពលដ៏ធំធេងដែលកម្ពុជាមាន។

