កម្ពុជាបង្ហាញសក្តានុពលទេសចរណ៍ វប្បធម៌ និងឱកាសវិនិយោគ នៅសន្និសីទអន្តរជាតិនៅស៊ូចូវ

កម្ពុជាបង្ហាញសក្តានុពលទេសចរណ៍ វប្បធម៌ និងឱកាសវិនិយោគ នៅសន្និសីទអន្តរជាតិនៅស៊ូចូវ

ទីក្រុងស៊ូចូវ៖ កម្ពុជាបានបង្អួតសក្តានុពលទេសចរណ៍ វប្បធម៌ដ៏សំបូរបែប និងកាលានុវត្តភាពវិនិយោគប្រកបដោយសុវត្ថិភាពជូនពិភពលោក ក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយនៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ ប្រទេសចិន។ ព្រឹត្តិការណ៍នេះគឺ “ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤” និង “ពិធីបុណ្យកម្ពុជា” ដែលប្រារព្ធឡើងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ពីក្រសួង និងវិស័យឯកជនកម្ពុជា ចូលរួម និងបានអញ្ជើញជាគណៈអធិបតី ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសម្ពោធពិព័រណ៍អន្តរជាតិប្រចាំឆ្នាំនេះ។

វត្តមានក្នុងកម្មវិធីដ៏មហោឡារិកនេះ រួមមាន លោក លីវ ស៊ាវថាវ (Liu Xiaotao) អភិបាលខេត្តជាំងស៊ូ, លោក Wu Qingwen អភិបាលក្រុងស៊ូចូវ, តំណាងអង្គការ UNESCO, អ្នកជំនាញទេសចរណ៍ និងវប្បធម៌អន្តរជាតិ រួមទាំងអ្នកវិនិយោគិនចិន និងអន្តរជាតិ ប្រមាណជាង ៣០០នាក់។ លោករដ្ឋមន្រ្តី ហួត ហាក់ បានគូសបញ្ជាក់យ៉ាងច្បាស់អំពីសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ និងសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រដ៏សំបូរបែបរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ លោកក៏បានលើកបង្ហាញពីកាលានុវត្តភាពវិនិយោគដែលជាទីផ្សារទើបនឹងរះឡើង រួមជាមួយកត្តាសំខាន់ៗដូចជាសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាព ក៏ដូចជាយន្តការលើកទឹកចិត្តដ៏ទាក់ទាញពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏មមាញឹកនេះដែរ លោករដ្ឋមន្រ្តី ហួត ហាក់ ក៏បានអនុញ្ញាតឱ្យលោកប្រធានក្រុមហ៊ុនទេសចរណ៍ Suzhou Heping International Travel Service Co., Ltd ចូលជួបសម្តែងការគួរសម និងស្វែងយល់កាន់តែស៊ីជម្រៅពីស្ថានភាពជាក់ស្តែងនៃនយោបាយ សន្តិសុខ សង្គម និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ ការជួបនេះក៏ផ្តោតលើយន្តការទាក់ទាញ និងលើកទឹកចិត្តដល់វិនិយោគិនបរទេសដែលរាជរដ្ឋាភិបាលបានដាក់ចេញ ពិសេសគឺសក្តានុពលទេសចរណ៍ដ៏លេចធ្លោរបស់កម្ពុជា ដែលបានតាំងបង្ហាញយ៉ាងស្រស់ស្អាតនៅពន្លាទេសចរណ៍កម្ពុជា។

administrator

Related Articles