សម្តេច ហ៊ុន ម៉ាណែត អបអរបវេសនកាលថ្មី ជំរុញសិស្សខិតខំសិក្សា និងពង្រឹងគុណភាពអប់រំជាតិ

សម្តេច ហ៊ុន ម៉ាណែត អបអរបវេសនកាលថ្មី ជំរុញសិស្សខិតខំសិក្សា និងពង្រឹងគុណភាពអប់រំជាតិ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារយ៉ាងកក់ក្តៅអបអរសាទរពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥ -​ ២០២៦ ដែលជាថ្ងៃដ៏សំខាន់សម្រាប់សិស្សានុសិស្សទូទាំងប្រទេស។

សម្តេច ហ៊ុន ម៉ាណែត

សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៅតែបន្តប្តេជ្ញាយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ដោយមិនងាករេ។ តាមរយៈការដាក់ចេញនូវវិធានការ និងយុទ្ធសាស្ត្រថ្មីៗជាបន្តបន្ទាប់ រាជរដ្ឋាភិបាលចង់ឃើញសាលារៀនទាំងអស់ក្លាយជាស្ថាប័នផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ មានអភិបាលកិច្ចល្អ និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ និងសហគមន៍។ ការពង្រឹងអភិបាលកិច្ចសាលា និងការលើកកម្ពស់គុណភាពនៃការបង្រៀននិងរៀនសូត្រ គឺជាគោលដៅស្នូល ដើម្បីធានាថា លទ្ធផលនៃការសិក្សារបស់សិស្សនឹងកាន់តែប្រសើរឡើង រួមជាមួយការបណ្ដុះបណ្ដាលវិន័យ សីលធម៌ គុណធម៌ និងឥរិយាបថថ្លៃថ្នូរ សមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិមាតុភូមិ។

ក្នុងឱកាសនេះផងដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់បងប្អូនអាណាព្យាបាលទាំងអស់ មេត្តានាំកូន ក្មួយៗ ដែលដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចៗអាយុពី៣ឆ្នាំ ទៅ៥ឆ្នាំ ទៅមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ ឬ៧០ខែ ទៅបឋមសិក្សា ព្រមទាំងសិស្សានុសិស្សដែលឡើងថ្នាក់ថ្មី ចូលរួមបន្តក្រេបជញ្ជក់ចំណេះដឹងពីសាលារៀនសាធារណៈទូទាំងប្រទេស ដើម្បីអនាគតដ៏ត្រចះត្រចង់របស់ពួកគេ និងប្រទេសជាតិ។

administrator

Related Articles