អភិបាលខេត្តតាកែវ ចេញមុខបញ្ជាធ្ងន់ៗ! ករណីអ្នកផលិតមាតិកា ប៉ះពាល់កិត្តិយសខេត្ត និងបង្កការរើសអើង ធ្វើឲ្យពលរដ្ឋផ្ទុះការប្រតិកម្មយ៉ាងខ្លាំង

អភិបាលខេត្តតាកែវ ចេញមុខបញ្ជាធ្ងន់ៗ! ករណីអ្នកផលិតមាតិកា ប៉ះពាល់កិត្តិយសខេត្ត និងបង្កការរើសអើង ធ្វើឲ្យពលរដ្ឋផ្ទុះការប្រតិកម្មយ៉ាងខ្លាំង

ភ្នំពេញ៖ ប្រជាពលរដ្ឋ និងអ្នកនិយមបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានផ្ទុះការប្រតិកម្មយ៉ាងខ្លាំង ចំពោះអ្នកផលិតមាតិកាម្នាក់ ឈ្មោះ «បញ្ញា-Panha» ដែលបានបញ្ចេញវីដេអូបែបកំប្លែង និងចម្អក ប៉ះពាល់ដល់កិត្តិយសខេត្តតាកែវ ជាពិសេសបានបង្កឱ្យមានការស្អប់ខ្ពើម និងការរើសអើង។

វីដេអូដែលបង្កឱ្យមានការចម្រូងចម្រាសនោះ គឺអ្នកផលិតមាតិការូបនេះ បានដើរសួរយុវជនថា «ខេត្តណាសាហាវព្រែផ្សៃជាងគេ» ហើយចម្លើយដែលទទួលបាន គឺសំដៅទៅខេត្តតាកែវ។ ការណ៍នេះ បានធ្វើឱ្យអ្នកតាកែវ និងអ្នកលេងបណ្ដាញសង្គមជាច្រើនសម្តែងការមិនពេញចិត្តជាខ្លាំង។

តាមរយៈបណ្តាញសង្គម ពលរដ្ឋជាច្រើនបានលើកឡើងថា ក្រសួងព័ត៌មាន គួរតែមានវិធានការតឹងរ៉ឹង ក្នុងការគ្រប់គ្រងអ្នកផលិតមាតិកាវីដេអូ ដោយតម្រូវឱ្យពួកគេចុះឈ្មោះជាផ្លូវការ និងអាចតម្រូវឱ្យមានសញ្ញាប័ត្រយ៉ាងតិចបរិញ្ញាប័ត្រ ពីសាលាដែលទទួលស្គាល់ ដើម្បីធានាបាននូវគុណភាព និងសីលធម៌ក្នុងការផលិត។ បើមិនដូច្នេះទេ វាអាចនឹងបង្កភាពរញ៉េរញ៉ៃ ខណៈដែលក្មេងទំនើង ឬអ្នកដែលខ្វះសីលធម៌មួយចំនួន ក៏អាចផលិតមាតិកា ដែលជះឥទ្ធិពលអាក្រក់ដល់ក្មេងៗជំនាន់ក្រោយ។

ពលរដ្ឋម្នាក់ទៀត បានគូសបញ្ជាក់ថា ខេត្តតាកែវ ជាខេត្តមួយដ៏សំខាន់ និងជាខេត្តដំបូងគេ ដែលមានប្រជាជន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពោរពេញដោយបេះដូងមនុស្សធម៌ សម្រាប់ការងារសង្គម និងសន្តិភាព។ ដូច្នេះ ការបង្កើតមាតិកាបែបនេះ គឺហាក់បីដូចជាយកខេត្តតាកែវមកលេងសើច និងជាការប្រមាថយ៉ាងធ្ងន់ធ្ងរ។ ពួកគេបានទាមទារឱ្យអ្នកផលិតមាតិការូបនោះ ត្រូវតែចេញមុខធ្វើការសុំទោសជាសាធារណៈ ចំពោះពលរដ្ឋនៅខេត្តតាកែវទាំងមូល បើពុំនោះទេ នឹងមានការចាត់វិធានការតាមផ្លូវច្បាប់។

ជុំវិញករណីដ៏រសើបនេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងបញ្ជាក់ថា ការផលិតមាតិកាបែបនេះ គឺជាទង្វើខ្វះសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ដែលធ្វើឲ្យមនុស្សមួយខេត្តទាំងមូល ត្រូវបានគេរើសអើង និងប៉ះពាល់កិត្តិយសយ៉ាងធ្ងន់ធ្ងរ។

បន្ថែមពីនេះ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា លោកមិនអាចទទួលយកបានជាដាច់ខាតនូវទង្វើបែបនេះ ហើយបានណែនាំឱ្យមន្ទីរព័ត៌មានខេត្ត ត្រូវតែតាមរកបុគ្គលនេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។

administrator

Related Articles