ភ្នំពេញ៖ នៅវេលាម៉ោងប្រហែល ១ និង ៥០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបើកប្រតិបត្តិការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ។

ហេតុការណ៍ចាប់ខ្លួននេះ បានធ្វើឡើងនៅចំណុចលើដងផ្លូវលេខ ២៦៥ ក្រុមទី៣៥ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ។
មន្ត្រីនគរបាលខណ្ឌទួលគោកបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ កាន់ ចាន់វិច្ឆិកា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ និងទីលំនៅមិនពិតប្រាកដ។ តាមការពិនិត្យបឋម ជនសង្ស័យរូបនេះក៏មានសារធាតុញៀនក្នុងខ្លួនផងដែរ។

ចំណែកឯម្ចាស់ម៉ូតូដែលជាជនរងគ្រោះវិញ មានឈ្មោះ កន ពិសិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចក៏បានដកហូតវត្ថុតាងម៉ូតូ០១គ្រឿងម៉ាក Suzuki Nex ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល 1Z-9418 ដែលជារបស់ជនរងគ្រោះ ហើយបានប្រគល់ជូនម្ចាស់ដើមវិញភ្លាមៗតាមការស្នើសុំ។

បច្ចុប្បន្ន ជនសង្ស័យ កាន់ ចាន់វិច្ឆិកា កំពុងត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
