ភ្នំពេញ ៖ ស្របតាមស្មារតីនៃកុងសង់ស៊ីសរវាងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ដោយមានការសម្របសម្រួលពីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចំនួន៥០រូប ដឹកនាំដោយលោក សួស យ៉ារ៉ា អនុប្រធានទី១គណៈទាក់ទងការបរទេស និងលោកទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានបំពេញទស្សនកិច្ចសិក្សាស្រាវជ្រាវនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ សមាសភាពគណៈប្រតិភូរួមមានសមាជិកគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្សជាថ្នាក់ដឹកនាំក្រសួង ប្រធានគណបក្សខេត្ត អ្នកស្រាវជ្រាវ និងមន្ត្រីគណបក្សសំខាន់ៗ។
គោលបំណងចម្បងនៃទស្សនកិច្ចនេះ គឺសិក្សាពីកម្មវិធីបណ្តុះបណ្តាលនៅសាលាបក្ស ការកសាងសមត្ថភាពកម្មាភិបាល ការកសាងបក្ស និងអភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិនៅទីក្រុងប៉េកាំង ខេត្តហ៊ូណាន និងខេត្តហ្វីជាន។ គណៈប្រតិភូទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងការយកចិត្តទុកដាក់ខ្ពស់ពីមិត្តចិន ក្នុងការរៀបចំកិច្ចពិភាក្សា និងទស្សនកិច្ចជាក់ស្តែង ដើម្បីស្វែងយល់ពីការអនុវត្តទស្សនវិស័យអភិវឌ្ឍន៍ និងការធ្វើទំនើបកម្មសង្គមនិយមបែបចិន ព្រមទាំងសិក្សាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការជំរុញការអនុវត្តផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដែលត្រូវបានប្រកាសដោយសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតី ស៊ី ជីនភីង និងបញ្ជាក់ជាថ្មីដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។នៅទីក្រុងប៉េកាំង គណៈប្រតិភូបានផ្តោតលើកម្មវិធីសិក្សា និងវិធីសាស្រ្តកសាងសមត្ថភាពមន្ត្រីបក្សនៅសាលាបក្សមជ្ឈឹម និងសាលាបក្សទីក្រុងប៉េកាំង។ នៅខេត្តហ៊ូណាន បានស្វែងយល់ពីសាលាបក្សថ្នាក់ស្រុក និងក្របខណ្ឌកិច្ចសហប្រតិបត្តិការនៃច្រករបៀងមច្ឆានិងអង្ករ។ រីឯនៅខេត្តហ្វីជាន បានសិក្សាអំពីក្របខណ្ឌកិច្ចសហប្រតិបត្តិការនៃច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា ព្រមទាំងលក្ខណៈពិសេសតាមភូមិសាស្ត្រនៃទីក្រុងឈានចូវ ទីក្រុងសាមិន ទីក្រុងហ៊ូចូវ ជាពិសេសនៅតំបន់អភិវឌ្ឍន៍នានា។ ដោយ ៖ សិលា
