រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ លោក ម៉ាញ ណារិទ្ធ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាវាគ្មិនដ៏សំខាន់ក្នុងសិក្ខាសាលាមួយ ដែលរៀបចំឡើងដោយសហការជាមួយសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC)។ សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមប្រធានបទ «បច្ចុប្បន្នភាព និងសេចក្ដីសង្ខេបសេចក្ដីព្រាងច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារ» នៅទីស្នាក់ការសមាគម ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោក កាំង ម៉ូនីកា អគ្គលេខាធិការរង TAFTAC បានលើកឡើងពីសារៈសំខាន់នៃសិក្ខាសាលានេះ និងភាពចាំបាច់ក្នុងការមានច្បាប់ស្ដីពី «សុវត្ថិភាព និងសុខភាពការងារ» ដើម្បីធានាបាននូវបរិយាកាសការងារប្រកបដោយសុវត្ថិភាព។ លោកអគ្គលេខាធិការរង ក៏បានប្រកាសអំពីសមាសភាពថ្មីរបស់គណៈកម្មាធិការក្លិបធនធានមនុស្ស និងអនុលោមភាព ដែលជាគំនិតផ្ដួចផ្ដើមរៀបចំដោយសមាគមផងដែរ។


ជាមួយគ្នានេះ លោកប្រធាននាយកដ្ឋានពេទ្យការងារ ក៏បានជម្រាបជូនអង្គសិក្ខាសាលាទាំងមូលអំពីខ្លឹមសារនៃសេចក្ដីព្រាងច្បាប់នេះថា វានឹងមិនបន្ថែមបន្ទុកថ្មីដល់និយោជកក្នុងការអនុវត្តនោះឡើយ។ ផ្ទុយទៅវិញ សេចក្ដីព្រាងច្បាប់នេះនឹងផ្ដល់ភាពងាយស្រួល និងភាពច្បាស់លាស់បន្ថែមទៀតក្នុងការអនុវត្តគោលការណ៍ និងវិធានសុវត្ថិភាព និងសុខភាពការងារ ដែលសហគ្រាស ក្រុមហ៊ុន រោងចក្រនានា កំពុងអនុវត្តជាប្រចាំរួចហើយ។


ជាចុងក្រោយ លោកប្រធានក៏បានសង្កត់ធ្ងន់ថា ការរៀបចំសេចក្ដីព្រាងច្បាប់នេះ គឺជាភស្តុតាងដ៏រឹងមាំមួយដែលបង្ហាញពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ស្របតាមនិន្នាការសកលលោក។ ៕

