រដ្ឋមន្ត្រីទេសចរណ៍ ជួបក្រុមហ៊ុនទេសចរណ៍ធំរបស់ចិន ស្វែងយល់សក្ដានុពលវិនិយោគនៅកម្ពុជា

រដ្ឋមន្ត្រីទេសចរណ៍ ជួបក្រុមហ៊ុនទេសចរណ៍ធំរបស់ចិន ស្វែងយល់សក្ដានុពលវិនិយោគនៅកម្ពុជា

ទីក្រុងស៊ូចូវ ៖ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យលោកប្រធានក្រុមហ៊ុន Kunshan Spring and Autumn International Travel Service Co., Ltd. ដ៏ល្បីឈ្មោះ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ ប្រទេសចិន។

ជំនួបនេះបានធ្វើឡើងក្នុងឱកាសដែលលោក រដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗចំនួនពីរគឺ “ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤” និង “ពិធីបុណ្យកម្ពុជា”។

គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីឱ្យក្រុមហ៊ុនចិនខាងលើបានស្វែងយល់កាន់តែច្បាស់អំពីស្ថានភាពពិតប្រាកដនៃនយោបាយ សន្តិសុខ សង្គម និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

លោកប្រធានក្រុមហ៊ុន ក៏បានចាប់អារម្មណ៍យ៉ាងខ្លាំងលើយន្តការទាក់ទាញ និងលើកទឹកចិត្តដល់វិនិយោគិនបរទេសដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ជាពិសេសគឺសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា។

កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសស្និទ្ធស្នាល និងស្មារតីសហប្រតិបត្តិការខ្ពស់ ដោយផ្តោតលើការពង្រឹងទំនាក់ទំនង និងការជំរុញវិនិយោគក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

ភាគីចិនបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តសិក្សា និងស្វែងរកឱកាសវិនិយោគជាក់ស្តែងនៅកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន។

ជំនួបដ៏មានអត្ថន័យនេះបានបញ្ចប់ដោយជោគជ័យ នៅពន្លាទេសចរណ៍ដ៏ស្រស់ស្អាត និងទាក់ទាញរបស់កម្ពុជា ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍នៅទីក្រុងស៊ូចូវ។ ដោយ ៖ សិលា

administrator

Related Articles