តាមប្រមាញ់៤ថ្ងៃ! ក្រុមចោរឆក់ iPhone 17 Pro Max ពីស្ត្រីជិះម៉ូតូនៅកំពង់ចាម ត្រូវសមត្ថកិច្ចវែកមុខបានហើយ!

តាមប្រមាញ់៤ថ្ងៃ! ក្រុមចោរឆក់ iPhone 17 Pro Max ពីស្ត្រីជិះម៉ូតូនៅកំពង់ចាម ត្រូវសមត្ថកិច្ចវែកមុខបានហើយ!

កំពង់ចាម៖ ត្រឹមតែរយៈពេល ៤ថ្ងៃប៉ុណ្ណោះ! មុខសញ្ញាចោរឆក់ទូរស័ព្ទ iPhone 17 Pro Max ស៊េរីទំនើប ពីស្ត្រីម្នាក់ដែលកំពុងធ្វើដំណើរតាមម៉ូតូនៅក្រុងកំពង់ចាម ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយអធិការដ្ឋាននគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ តាមប្រមាញ់វែកមុខបានយ៉ាងជោគជ័យ។ ករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើល និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ក្រោយពីបានបាត់បង់ទូរស័ព្ទ iPhone ស៊េរីទំនើបចុងក្រោយគេ អ្នករងគ្រោះឈ្មោះ រឿន សារ៉ាត ភេទស្រី អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម បានដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៨និង៥០នាទីយប់ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ខ្លួនក្រុមចោរទាំងពីរនាក់ដែលបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត។

បន្ទាប់ពីទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ក្រោមការបញ្ជាផ្ទាល់ពីលោកអធិការនគរបាលក្រុង បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យមើលកាមេរ៉ាសុវត្ថិភាព។ តាមរយៈកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ចបានកំណត់មុខសញ្ញាក្រុមចោរទាំងពីរនាក់បានយ៉ាងច្បាស់។ ជនសង្ស័យទាំងពីរបានពាក់អាវខ្មៅ ខោខ្មៅជើងវែង និងពាក់មួកសុវត្ថិភាពពណ៌ខ្មៅ ជិះម៉ូតូម៉ាក C125 ធ្វើសកម្មភាពធាក់ផ្ដួលម៉ូតូអ្នករងគ្រោះ រួចឆក់យកកាបូបរបស់នាង។

ទ្រព្យសម្បត្តិដែលត្រូវបានបាត់បង់រួមមាន៖ ទូរស័ព្ទដៃម៉ាក IPhone 17 Pro Max ពណ៌ទឹកក្រូច ទើបតែចេញថ្មីៗមួយគ្រឿង, លុយខ្មែរចំនួន ៥០ម៉ឺនរៀល, លុយដុល្លារចំនួន ៤០០ដុល្លារ, សោរចំនួន ២ និងអត្តសញ្ញាណប័ណ្ណមួយ។

ក្នុងប្រតិបត្តិការតាមប្រមាញ់ដ៏សកម្មនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចបានរកឃើញទូរស័ព្ទរបស់ជនរងគ្រោះនៅនឹងឈ្មោះ រុន សុភា ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលកំពុងប្រើប្រាស់។ បន្ទាប់មក ដោយមានភស្តុតាងកាន់តែច្បាស់ សមត្ថកិច្ចក៏បន្តសហការជាមួយកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកមេមត់ រហូតដល់វេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅចំណុចតារាងបាល់ ស្ថិតនៅភូមិទ្រមូង ឃុំទ្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក៏ចាប់ខ្លួនជនសង្ស័យទាំងពីរនាក់បានភ្លាមៗ។

ជនសង្ស័យទាំងពីរនាក់នោះមាន៖
១. ឈ្មោះ លុយ សុខឡៃ ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិតាមេងលើ ឃុំទ្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មុខរបរជាកសិករ។

២. ឈ្មោះ មីន សាលី ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅភូមិអណ្តូងតាជោ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មុខរបរជាអ្នកបើកបរ។

បន្ទាប់ពីបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីធ្វើការសាកសួរ ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពជិះម៉ូតូធាក់ផ្ដួលម៉ូតូជនរងគ្រោះ រួចបកមកឆក់យកកាបូប ហើយជិះគេចខ្លួនដោយបើកម៉ូតូត្រឡប់ទៅកាន់កន្លែងលក់ទូរស័ព្ទក្នុងខេត្តព្រៃវែង។ ក្រោយបានលុយហើយ ពួកគេក៏បានចែកគ្នាចាយវាយយ៉ាងសប្បាយហ៊ឺហា មុននឹងត្រឡប់ទៅផ្ទះវិញនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

តាមរយៈការធ្វើតេស្តទឹកនោមរកសារធាតុញៀនលើជនសង្ស័យទាំងពីរនាក់ លទ្ធផលបង្ហាញថា «អវិជ្ជមាន»។

ចំពោះសម្ភារៈដែលបានដកហូតរួមមាន៖ ទូរស័ព្ទ iPhone 17 Pro Max ពណ៌ទឹកក្រូច ១គ្រឿង (ជារបស់ជនរងគ្រោះ), ទូរស័ព្ទ iPhone 16 Pro Max ពណ៌ប្រផេះ ១គ្រឿង (ជារបស់ជនសង្ស័យ) និងទូរស័ព្ទ iPhone 11 Pro ពណ៌ខ្មៅ ១គ្រឿង (ជារបស់ជនសង្ស័យ)។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម តាមបញ្ជាឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

administrator

Related Articles