ចាប់បានហើយ! ជនសង្ស័យ២នាក់ជិះកង់លួចនាឡិកាទឹកតាមផ្ទះប្រជាពលរដ្ឋនៅឫស្សីកែវ

ចាប់បានហើយ! ជនសង្ស័យ២នាក់ជិះកង់លួចនាឡិកាទឹកតាមផ្ទះប្រជាពលរដ្ឋនៅឫស្សីកែវ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលតែងតែប្រើប្រាស់កង់ធ្វើជាមធ្យោបាយលួចនាឡិកាទឹកតាមផ្ទះប្រជាពលរដ្ឋយ៉ាងសកម្ម។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ Image related to the news លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានថ្លែងប្រាប់ឲ្យដឹងថា ជនសង្ស័យទាំងពីររូបនេះ មានឈ្មោះ ផា ភាដែន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងម្នាក់ទៀតឈ្មោះ ប៉ែន វ៉ាន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងជាមួយគ្នា។ រីឯជនរងគ្រោះមានឈ្មោះ រឿន ណារ៉េត ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរបើកបរ ស្នាក់នៅផ្ទះលេខ ៣១០៥ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ដង្កាប់ចំនួន ០២, សោម៉ាលេតចំនួន ០២, កង់ម៉ាក X-TREME ពណ៌ក្រហមចំនួន ០១គ្រឿង ដែលជាមធ្យោបាយធ្វើសកម្មភាព, និងនាឡិកាទឹកចំនួន ០៣ គ្រឿង។ Image related to the news លោកអធិការបានបន្តថា មុនពេលឈានដល់ការចាប់ខ្លួន កាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២និង១៥នាទីរសៀល ជនសង្ស័យទាំងពីរនាក់បានជិះកង់រុករកផ្ទះដែលម្ចាស់មិននៅដើម្បីធ្វើសកម្មភាពលួចនាឡិកាទឹក។ ពេលមកដល់ផ្ទះជនរងគ្រោះខាងលើ ដែលមានទ្វារចាក់សោរពីខាងក្រៅ ពួកគេក៏ឆ្លៀតឱកាសស្ងាត់ធ្វើសកម្មភាពលួចបាននាឡិកាទឹកចំនួន ០២គ្រឿង រួចគេចខ្លួនបាត់។ ចំពោះនាឡិកាទឹកមួយគ្រឿងទៀត ជនសង្ស័យបានលួចនៅម្តុំផ្សារទឹកថ្លា ខណ្ឌសែនសុខ។ ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍នគរបាលបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់បាននៅវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល នៅចំណុចផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ Image related to the news បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

administrator

Related Articles