(សេអ៊ូល)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានធ្វើការទទូចយ៉ាងទទូចទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ឱ្យជួយសម្របសម្រួលការបន្តកិច្ចសន្ទនាឡើងវិញរវាងទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង ក្នុងឱកាសជំនួបកំពូលលើកដំបូងរវាងមេដឹកនាំទាំងពីរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះ លោក Lee បានថ្លែងទៅកាន់លោក ស៊ី ថា៖ «ខ្ញុំសង្ឃឹមថា ប្រទេសកូរ៉េខាងត្បូង និងចិន នឹងពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្ររបស់យើង ហើយរួមគ្នាខិតខំប្រឹងប្រែងដើម្បីស្តារកិច្ចសន្ទនាជាមួយកូរ៉េខាងជើងឡើងវិញ»។ ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃស្ថិរភាពក្នុងតំបន់ លោក Lee ក៏បានកត់សម្គាល់ពីការទំនាក់ទំនងកម្រិតខ្ពស់ថ្មីៗនេះរវាងចិន និងកូរ៉េខាងជើងផងដែរ។ លោកបានលើកឡើងអំពីវត្តមានរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងពិធីព្យុហយាត្រាយោធាដ៏ធំមួយនៅទីក្រុងប៉េកាំង កាលពីខែកញ្ញា។ លោក Lee បានបញ្ជាក់ថា ជំនួបទាំងនោះអាចជួយបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការស្តារទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង។ គួររំលឹកផងដែរថា ទីក្រុងសេអ៊ូលតែងតែប្រឹងប្រែងរក្សាតុល្យភាពក្នុងទំនាក់ទំនងរវាងប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត និងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តយោធាដ៏សំខាន់របស់ខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
