ខេត្តកំពង់ចាម៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត កម្លាំងនគរបាលជំនាញខេត្តកំពង់ចាម ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីបទល្មើសចោរកម្ម និងគ្រឿងញៀនទ្រង់ទ្រាយធំមួយ។ ប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ ឆក់កាបូប គាស់ផ្ទះ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃសៅរ៍ ទី០១ ខែវិច្ឆិកា កន្លងទៅ។
តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា កម្លាំងជំនាញបានចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសទាំងនេះ នៅក្នុងភូមិសាស្ត្រក្រុងកំពង់ចាម និងស្រុកកំពង់សៀម។ ក្នុងនោះ ករណីឆក់កាបូបនៅក្រុងកំពង់ចាម ឃាត់ខ្លួនបាន ០២នាក់ ករណីគាស់ផ្ទះនៅស្រុកកំពង់សៀម ឃាត់ខ្លួនបាន ០១នាក់។ ចំណែកឯ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅស្រុកកំពង់សៀម កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់បន្ថែមទៀត។

ក្រៅពីការឃាត់ខ្លួនជនសង្ស័យទាំង ០៧នាក់ សមត្ថកិច្ចក៏បានរឹបអូសយកវត្ថុតាងមួយចំនួនធំផងដែរ ដែលពាក់ព័ន្ធនឹងបទល្មើសទាំងនេះ ដើម្បីបម្រើដល់ការស៊ើបអង្កេត។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កំពុងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

