(ក្យុងជូ, កូរ៉េខាងត្បូង)៖ លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើការប្រគល់អំណោយដ៏មានតម្លៃមួយ គឺក្តារអុកធ្វើពីឈើ Torreya nucifera ជូនដល់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា អំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋ។ ជាមួយគ្នានោះ មុននេះប៉ុន្មានថ្ងៃ លោកក៏បានប្រគល់មកុដចម្លងធ្វើពីមាសជូនដល់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

ការិយាល័យរបស់លោក Lee បានបញ្ជាក់ថា ក្តារអុកដ៏ប្រណិតនេះ ត្រូវបានផលិតយ៉ាងសម្រិតសម្រាំងពីឈើ Torreya nucifera ដែលជាប្រភេទឈើដ៏មានតម្លៃបំផុត និងជាដើមឈើមានប្រភពដើមនៅលើកោះ Jeju របស់ប្រទេសកូរ៉េខាងត្បូងផ្ទាល់។ យោងតាមការស្រាវជ្រាវ ក្តារអុកដែលធ្វើពីឈើប្រភេទនេះ ត្រូវបានដាក់លក់តាមប្រព័ន្ធអនឡាញក្នុងតម្លៃប្រមាណជិត ៥លានវ៉ុន ឬស្មើនឹង ៣ ៥១៧ដុល្លារអាមេរិក។
ចំពោះអំណោយមកុដមាសចម្លងជូនលោក ដូណាល់ ត្រាំ វិញ ការិយាល័យរបស់លោក Lee បានលើកឡើងថា នេះជាការទទួលស្គាល់ចំពោះតួនាទីដ៏សំខាន់របស់លោក ត្រាំ ក្នុងនាមជាអ្នកចូលរួមបង្កើតសន្តិភាពនៅឧបទ្វីបកូរ៉េ។ មកុដនេះមានរាងជាទង និងស្លឹក ដែលដាំដោយមាសសុទ្ធ។ មកុដដើមត្រូវបានគេរកឃើញនៅក្នុងផ្នូរមួយនៅទីក្រុងក្យុងជូ ដែលជាអតីតរាជធានីនៃនគរ Silla បុរាណ ដែលធ្លាប់គ្រប់គ្រងប្រមាណមួយភាគបីនៃឧបទ្វីបកូរ៉េរហូតដល់សតវត្សទី ៩។
គួររំលឹកផងដែរថា ការផ្លាស់ប្តូរអំណោយរវាងមេដឹកនាំក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ គឺជាផ្នែកមួយដ៏សំខាន់នៃទំនាក់ទំនងការទូតអន្តរជាតិ។ ទោះជាយ៉ាងណា ក៏មានភាពស្មុគស្មាញ និងរសើបផងដែរ ជាពិសេសនៅពេលដែលមានការប្រៀបធៀបគ្នារវាងអំណោយទាំងនោះ។ ផ្ដល់សិទ្ធិដោយ៖ Freshnews
