ពេជ្រ សោភា ទម្លាយរឿងបុរសអាថ៌កំបាំងនៅពីក្រោយភាពជោគជ័យ និងការឡើងឆាកច្រៀងបន្ត

ពេជ្រ សោភា ទម្លាយរឿងបុរសអាថ៌កំបាំងនៅពីក្រោយភាពជោគជ័យ និងការឡើងឆាកច្រៀងបន្ត

រាជធានីភ្នំពេញ ៖ តារាចម្រៀង​ដ៏ល្បីល្បាញ អ្នកនាង ពេជ្រ សោភា បាន​ទម្លាយ​រឿង​ដ៏គួរឱ្យភ្ញាក់ផ្អើល​មួយ​ថា មាន​បុរស​ពិសេស​ម្នាក់​នៅ​ពីក្រោយ​ខ្នង​នាង តែងតែ​លើកទឹកចិត្ត​គ្រប់​បែប​យ៉ាង​ទាំង​ក្នុង​គ្រា​លំបាក និង​ជា​កម្លាំងចិត្ត​ជំរុញ​ឱ្យ​នាង​បន្ត​អាជីព​ចម្រៀង​ឡើង​ឆាក​ជា​ថ្មី បន្ទាប់ពី​ស្ទើរតែ​បោះបង់ចោល​ទៅហើយ។

បើទោះបីជា​តារាចម្រៀង​ជើងចាស់​រូបនេះ​ មិនបាន​បញ្ចេញ​អត្តសញ្ញាណ​បុរស​ពិសេស​រូបនោះ​ក៏ដោយ ក៏​ពេជ្រ សោភា បាន​ចាត់ទុក​គាត់​ជា​មនុស្ស​អស្ចារ្យ​បំផុត​ក្នុង​ជីវិត​នាង ដែល​តែងតែ​ផ្ដល់​កម្លាំងចិត្ត​មិន​ចេះ​រីងស្ងួត។

អ្នកនាង ពេជ្រ សោភា បាន​រៀបរាប់​ក្នុង​ឱកាស​ឡើង​ឆាក​តន្ត្រី​ទូរទស្សន៍​មួយ​ថា នាង​អាក់ខាន​ឡើង​ឆាក​នេះ​អស់​ជាង​មួយ​ឆ្នាំ​មកហើយ​ ដោយសារ​មូលហេតុ​មួយចំនួន និង​មិនទាន់​មាន​បទ​ចម្រៀង​ថ្មី​សម្រាប់​មហាជន។ នាង​បន្តថា មាន​បទ​ចម្រៀង​មួយ​បទ​គឺ «បង​ជា​ពន្លឺ» ដែល​ជម្រុញ​ចិត្ត​នាង​ឱ្យ​ឡើង​ច្រៀង​ជា​ថ្មី ដើម្បី​បង្ហាញ​ការ​ដឹងគុណ​ដល់​មនុស្ស​ពិសេស​រូបនោះ​ចំពោះ​ការ​លើកទឹកចិត្ត​គ្រប់​បែប​យ៉ាង រួមទាំង​ការ​ច្រៀង​ផងដែរ។

នាង​បញ្ជាក់​ថា ពេលខ្លះ​នាង​ចង់​ឈប់​ច្រៀង​ក៏ពិតមែន ប៉ុន្តែ​គាត់​បាន​លើកទឹកចិត្ត​ថា បើ​ស្រឡាញ់​អ្វី​ពេញចិត្ត​អ្វី​ត្រូវតែ​បន្ត​ទៀត ព្រោះ​មាន​អ្នកគាំទ្រ​ច្រើន​ដែល​ចូលចិត្ត ហើយ​ជាពិសេស​គឺ​ការ​ផ្ដល់​កម្លាំងចិត្ត​ទាំង​រឿង​តូច​ធំ។ នាង​ក៏បាន​ផ្ញើ​បទ​ចម្រៀង​នេះ​ទៅកាន់​មនុស្ស​ពិសេស​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ជីវិត ដែល​បាន​ចេញមុខ​ការពារ​នាង​គ្រប់​កាលៈទេសៈ​ទាំងអស់។

ជាការ​កត់សម្គាល់ បើទោះបីជា​អ្នកនាង ពេជ្រ សោភា មិនទាន់​បញ្ចេញ​ថា បុរស​ពិសេស​រូបនោះ​ជា​អ្នកណា​ក៏ដោយ ក៏​មហាជន​និង​អ្នកគាំទ្រ​បាន​សង្ស័យ​ថា បុរស​ខាងលើ​ទំនងជា​តារា​សម្ដែង​លោក ឆឹ​ម សក្ក​ដា។ ការលើកឡើង​របស់ ពេជ្រ សោភា នាពេលនេះ​ ធ្វើឡើង​ក្រោយពេល​លោក ឆឹ​ម សក្ក​ដា ទើបតែ​ចេញមុខ​បញ្ជាក់​ពី​ទំនាក់ទំនង​ជាមួយ​នាង បន្ទាប់ពី​ផ្ទុះ​ការសង្ស័យ​ថា ចំណងស្នេហ៍​អ្នក​ទាំងពីរ​ឈានដល់​ផ្លូវបែកបាក់។ លោក ឆឹ​ម សក្ក​ដា បាន​បញ្ជាក់​ច្បាស់ៗ​ថា ទំនាក់ទំនង​រវាង​លោក​និង​ពេជ្រ សោភា គឺ​មិនមាន​បញ្ហា​អ្វី​នោះ​ឡើយ ខណៈ​អ្នកគាំទ្រ​លោក​ជាច្រើន​ក៏​បានដឹង​ច្បាស់​ដែរ។

ជាមួយ​រូបភាព​ស្និទ្ធស្នាល​ជាមួយ ពេជ្រ សោភា កាលពីពេល​កន្លងទៅ លោក ឆឹ​ម សក្ក​ដា បាន​ភ្ជាប់​ជាមួយ​សំណេរ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ថា ៖ «ពេល​ខ្ញុំ​អត់​ដែល​ផុស​រូប​ជាមួយ​ពួកម៉ាក​ខ្ញុំ មិនមែន​មានន័យថា​ពួក​ខ្ញុំ​ឈ្លោះ​គ្នា ឬ​មិន​ដែល​ជួបគ្នា​ទេ! តែ​ហ្វេ​ន​គាត់​ខ្លះ​និយាយថា បើ​ខ្ញុំ​អត់​ផុស​ជាមួយ​គាត់ គេ​អត់​គាំទ្រ​ខ្ញុំ​ទេ ខ្ញុំ​ក៏​មិន​ចង់បាន​ការ​គាំទ្រ​បែបនេះ​ដែរ ខ្ញុំ​ត្រូវការ​ហ្វេ​ន​ខ្ញុំ​ពិត ទើប​ខ្ញុំ​ឈប់​ថតរូប​ផុស​រូប​ជាមួយ​គាត់​ទៀត ណាមួយ​ខ្ញុំ​ចង់​ផុស​រឿង​ជាតិ​ច្រើនជាង​រឿង​ផ្ទាល់ខ្លួន»។ លោក​បន្ត​ថា ៖ «មួយទៀត ហេតុអ្វី​ខ្ញុំ​ផុស​ជាមួយ​អ្នកផ្សេង? ព្រោះ​ហ្វេ​ន​ខ្ញុំ​គេ​ដឹង​ហើយ ហើយ​គេ​ក៏​នៅតែ​គាំទ្រ​ខ្ញុំ​ធម្មតា ហើយ​ហ្វេ​ន​គាត់​ឈប់​គាំទ្រ​ខ្ញុំ ក៏​គ្មាន​បញ្ហា​ដែរ ព្រោះ​ខ្ញុំ​ត្រូវការ​ហ្វេ​ន​ពិតប្រាកដ​របស់ខ្ញុំ​ដូចគ្នា មិន​ត្រូវការ​ហ្វេ​ន​ក្លែងក្លាយ! គាំទ្រ​ខ្ញុំ​ជា​ខ្ញុំ មិនមែន​គាំទ្រ​ខ្ញុំ​ព្រោះតែ​មិត្តភក្កិ​ខ្ញុំ»។ តែបើ​អ្នកគាំទ្រ​ទាំងពីរ​ ពួកគាត់​តែង​យល់ និង​ផ្ដល់​ឯកជនភាព​ដល់​ពួក​ខ្ញុំ​ធម្មតា ដោយ​មិន​លំអៀង​ទៅ​ខាងណា។ យ៉ាងណា​សូម​គោរព​អរគុណ​ដែល​អ្នកគាំទ្រ​ពួក​ខ្ញុំ​រហូត​មក។

ជាការ​កត់សម្គាល់ បន្ទាប់ពី​ការ​បង្ហោះ​សំណេរ​ខាងលើ​ពី​លោក ឆឹ​ម សក្ក​ដា គេ​ក៏​ឃើញ​អ្នកនាង ពេជ្រ សោភា ក៏បាន​ចូល​ខមមិន​ដែរ​ថា ៖ «គ្រប់គ្នា​គិត​ឃើញ​អី​ហ្នឹង ពួក​ខ្ញុំ​ជា​មិត្ត​ល្អ​នឹងគ្នា​ឆាត​រកគ្នា​រហូត​តើ»។ តាមរយៈ​ការ​អះអាង​ខាងលើនេះ​ គេ​កាន់តែ​ច្បាស់​ថា ទំនាក់ទំនង​រវាង​អ្នក​ទាំងពីរ​គឺ​មិនមាន​រឿង​ប្រេះឆា​អ្វី​នោះ​ឡើយ បើទោះបីជា​ពេលនេះ​គេ​នៅ​មិនទាន់​ដឹងថា ទំនាក់ទំនង​របស់​ពួកគេ​កាន់តែ​វិវត្តន៍​ទៅ​យ៉ាងណា​ក៏ដោយ។

administrator

Related Articles