ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងជំរុញយ៉ាងសកម្មក្នុងការដាក់ពង្រាយស្ថានីយ៍សាកថ្មរថយន្តអគ្គិសនីល្បឿនលឿនទូទាំងប្រទេស។ ក្នុងពេលឆាប់ៗនេះ អគ្គិសនីកម្ពុជា (EDC) នឹងបោះទុនវិនិយោគទ្រង់ទ្រាយធំ តាមការចង្អុលបង្ហាញរបស់ក្រសួងរ៉ែ និងថាមពល ដើម្បីធានាថាគ្រប់ផ្លូវសំខាន់ៗនៅទូទាំងប្រទេសនឹងមានស្ថានីយ៍សាកថ្មរថយន្ត និងម៉ូតូអគ្គិសនី ដែលអាចសាកបានពេញក្នុងរយៈពេលត្រឹមតែ ២០-៣០ នាទី ហើយអាចបើកបរបានចម្ងាយរហូតដល់ ៣០០-៤០០ គីឡូម៉ែត្រ។

ការបញ្ជាក់ដ៏សំខាន់នេះ ត្រូវបានលោករដ្ឋមន្ត្រី កែវ រតនៈ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ថ្មីៗនេះ បន្ទាប់ពីលោកបានបញ្ចប់សុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំទី៣ ស្តីពី “ដំណើរបំលាស់ប្តូរការប្រើប្រាស់ថាមពលរបស់កម្ពុជា ឆ្ពោះទៅកាន់អនាគតដែលគ្មានកាបូន”។ កិច្ចប្រជុំនេះ គឺជាផ្នែកមួយនៃកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមប្រធានបទ «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» នៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រី កែវ រតនៈ បានគូសបញ្ជាក់បន្ថែមថា ជំហានបន្ទាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺនឹងប្រើប្រាស់អត្ថប្រយោជន៍ពីថាមពលអគ្គិសនីបៃតងដែលមានអត្រាខ្ពស់នេះ មិនត្រឹមតែទាក់ទាញវិស័យឧស្សាហកម្ម ទេសចរណ៍ និងបង្កើតការងារថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ផលប្រយោជន៍ដល់វិស័យផ្សេងៗទៀត ដើម្បីទទួលបានផលចំណេញកាន់តែច្រើន។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ «បច្ចុប្បន្ន ការសាកថ្មតាមផ្ទះត្រូវចំណាយពេល ៦ ទៅ ៧ ម៉ោង ប៉ុន្តែបើទៅថ្ងៃក្រោយ យើងគ្រាន់តែទៅផឹកកាហ្វេ សាកថ្មត្រឹមតែ ២០ នាទី ឬកន្លះម៉ោង យើងអាចបើកបរបានចម្ងាយ ៣០០ ឬ ៤០០ គីឡូម៉ែត្រ»។
លោក កែវ រតនៈ បានពន្យល់ថា មូលហេតុដែលរដ្ឋាភិបាលសម្រេចដាក់ពង្រាយស្ថានីយ៍បញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនបែបនេះ គឺដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់យានយន្តដើរដោយប្រេងឥន្ធនៈ ដែលបង្កការបំពុលបរិស្ថានខ្ពស់ជាងយានយន្តអគ្គិសនី។
លោករដ្ឋមន្ត្រីបន្ថែមថា ការសម្រេចចិត្តនេះ ក៏ឆ្លុះបញ្ចាំងពីការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយជួយកាត់បន្ថយការចំណាយលើការប្រើប្រាស់យានយន្ត។ ផ្អែកតាមការសិក្សាស្រាវជ្រាវ ការប្រើប្រាស់យានយន្តអគ្គិសនីចំណាយតិចជាង ហើយអាចចំណេញបានរហូតដល់ ៥ ដង ធៀបនឹងយានយន្តប្រើប្រេងឥន្ធនៈ ដោយសារការចំណាយលើការបញ្ចូលថាមពល និងការជួសជុលមានកម្រិតទាប។ ម្យ៉ាងវិញទៀត ការសម្រេចចិត្តនេះ ក៏ជាការចូលរួមថែរក្សាបរិស្ថាន ទាំងក្នុងប្រទេសកម្ពុជា និងពិភពលោកទាំងមូល។
លោករដ្ឋមន្ត្រី កែវ រតនៈ បានសង្កត់ធ្ងន់ថា៖ «ដូច្នេះ ផែនការរបស់ក្រសួងរ៉ែ និងថាមពល គឺត្រូវទម្លាក់ថ្លៃសាករថយន្ត ដើម្បីកុំឱ្យថ្លៃដូចបច្ចុប្បន្ន ១៦០០រៀល, ១៧០០រៀល ឬ ២០០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ឱ្យមកនៅក្រោមហ្នឹង។ ការពង្រាយប្រព័ន្ធនេះឱ្យកាន់តែច្រើន ដើម្បីឱ្យបងប្អូនយើងធ្វើដំណើរទៅណាក៏អត់ខ្លាចថាគ្មានកន្លែងសាកអាគុយយានយន្តដែរ។ ដូច្នេះពេលវេលាខាងមុខ យើងនឹងបានផល គឺយកអគ្គិសនីបៃតងរបស់យើងទៅឱ្យផលក្នុងវិស័យដឹកជញ្ជូន»។
លោករដ្ឋមន្ត្រី កែវ រតនៈ បានបញ្ជាក់ថា ការគិតគូរលើវិស័យនេះ មិនត្រឹមតែផ្តោតលើអ្នកប្រើប្រាស់យានយន្តអគ្គិសនីលក្ខណៈគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ដល់វិស័យដឹកជញ្ជូនទំនិញ (ភស្តុភារកម្ម) និងវិស័យកសិកម្មផងដែរ។
សូមរំលឹកថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីចុងខែមេសា ឆ្នាំ២០២៥ បានជំរុញឱ្យក្រសួងរ៉ែ និងថាមពល គិតគូរពីការពង្រីកការដាក់ពង្រាយស្ថានីយ៍សាកថ្មរថយន្តអគ្គិសនីបន្ថែមទៀត ប៉ុន្តែត្រូវធានាឱ្យបាននូវស្តង់ដារគុណភាព និងសុវត្ថិភាពខ្ពស់។ យោងតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ រថយន្តអគ្គិសនី (EV) ដែលបានចុះបញ្ជីសរុបមានចំនួន ២.២៥៣ គ្រឿង ដែលកើនឡើង ៦២០% ធៀបនឹងឆ្នាំ២០២៣ (៣១៣ គ្រឿង) ខណៈដែលត្រីចក្រយានយន្ត និងទោចក្រយានយន្តអគ្គិសនីក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។
គោលនយោបាយជាតិ គឺជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃវិស័យយានយន្តអគ្គិសនីប្រកបដោយប្រសិទ្ធភាព និងតាមបច្ចេកវិទ្យាទំនើប។ គោលដៅត្រឹមឆ្នាំ២០៣០ គឺសម្រេចឱ្យបាននូវការចុះបញ្ជីរថយន្ត EV សុទ្ធចំនួន ៣០.០០០ គ្រឿង (ក្នុងនោះរថយន្តប្រើប្រាស់ផ្ទាល់ខ្លួន ២៥.០០០ គ្រឿង និងរថយន្តពាណិជ្ជកម្ម ៥.០០០ គ្រឿង) ទោចក្រយានយន្ត EV សុទ្ធចំនួន ៧២០.០០០ គ្រឿង និងត្រីចក្រយានយន្ត EV សុទ្ធចំនួន ២០.០០០ គ្រឿង។
