ខេត្តស្វាយរៀង៖ កាស៊ីណូ ស៊ីលវើរ ស្តារ មួយកន្លែងនៅក្រុងបាវិត ត្រូវបានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សម្រេចព្យួរអាជ្ញាបណ្ណជាបណ្ដោះអាសន្ន បន្ទាប់ពីកម្លាំងចម្រុះចុះបង្រ្កាប និងរកឃើញករណីជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ 
ប្រតិបត្តិការចុះឆែកឆេរនេះ បានធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយដឹកនាំសម្របសម្រួលដោយលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សហការជាមួយ គ.ល.ក. កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀង។ ក្នុងយុទ្ធនាការដ៏ក្ដៅគគុកនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ២៣នាក់។
ក្នុងចំណោមជនសង្ស័យទាំង ២៣នាក់ រួមមាន៖ ជនជាតិស្រីលង្កា ៦នាក់ (ស្រី ១នាក់) ជនជាតិប៉ាគីស្ថាន ៧នាក់ (ស្រី ២នាក់) ជនជាតិហ្វីលីពីន ២នាក់ (ស្រី ២នាក់) ជនជាតិនេប៉ាល់ ២នាក់ (ស្រី ២នាក់) ជនជាតិឥណ្ឌា ១នាក់ ជនជាតិនីហ្ស៊េរីយ៉ា ១នាក់ និងជនជាតិអាល់ហ្ស៊េរី ១នាក់ (ដែលសមត្ថកិច្ចសង្ស័យជាជនរងគ្រោះ)។
ក្រៅពីនេះ សមត្ថកិច្ចក៏បានចាប់ខ្លួនមេខ្លោងចំនួន ៣នាក់ផងដែរ ដែលមានជនជាតិចិនតៃវ៉ាន់ ១នាក់ និងជនជាតិម៉ាឡេស៊ី ២នាក់។ ជាមួយគ្នានោះ វត្ថុតាងជាច្រើនត្រូវបានដកហូត រួមមាន៖ ទូរ Call Center ចំនួន ២៤, លិខិតឆ្លងដែន ១៩ក្បាល និងទូរសព្ទដៃ ២០គ្រឿង។
ក្រោយពីប្រមូលបានភស្តុតាងគ្រប់គ្រាន់ គ.ល.ក. បានចេញសេចក្តីសម្រេចព្យួរអាជ្ញាបណ្ណកាស៊ីណូ ស៊ីលវើរ ស្តារ ភ្លាមៗ ដោយមិនអនុញ្ញាតឱ្យដំណើរការអាជីវកម្មបន្តទៀតឡើយ។ 
ចំពោះមុខសញ្ញាមេខ្លោងទាំង ៣នាក់ (ចិនតៃវ៉ាន់ ១នាក់ និងម៉ាឡេស៊ី ២នាក់) ត្រូវបានបញ្ជូនទៅកាន់តុលាការខេត្តស្វាយរៀង ដើម្បីអនុវត្តនីតិវិធីតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ រីឯជនបរទេសចំនួន ២០នាក់ផ្សេងទៀត ត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំនិរទេសចេញពីកម្ពុជា។ 
គួរបញ្ជាក់ថា យុទ្ធនាការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ នឹងបន្តធ្វើឡើងយ៉ាងម៉ឺងម៉ាត់ទូទាំងប្រទេស ដោយសមត្ថកិច្ចចម្រុះនឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះមេខ្លោង និងអ្នកពាក់ព័ន្ធទាំងអស់ ដោយគ្មានការលើកលែងឡើយ។
ដោយ៖ តារា
