(កូរ៉េខាងត្បូង)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ លោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា បានប្រកាសថា លោកបានសុំទោសលោក ដូណាល់ ត្រាំ ដោយផ្ទាល់ បន្ទាប់ពីប្រធានាធិបតីអាមេរិក មានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការផ្សាយពាណិជ្ជកម្មនយោបាយរបស់ខេត្ត Ontario ប្រទេសកាណាដា ដែលបានរិះគន់ចំណាត់ការពន្ធគយរបស់លោក ត្រាំ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំកំពូល APEC នៅប្រទេសកូរ៉េខាងត្បូង លោក Carney បានបញ្ជាក់ថា ការសុំទោសនេះបានធ្វើឡើងដោយផ្ទាល់ រវាងលោកនិងលោក ត្រាំ អំឡុងពេលពិធីជប់លៀងអាហារពេលល្ងាច រៀបចំដោយប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃពុធសប្តាហ៍នោះ។

គួររំលឹកថា ខេត្ត Ontario ធ្លាប់បានចេញផ្សាយពាណិជ្ជកម្មមួយ ដែលដកស្រង់សម្តីអតីតប្រធានាធិបតីអាមេរិក លោក Ronald Reagan ដែលបានលើកឡើងថា ពន្ធគយបង្កឱ្យមានសង្រ្គាមពាណិជ្ជកម្ម និងមហន្តរាយសេដ្ឋកិច្ច។ ជាការឆ្លើយតប លោក ត្រាំ បានប្រកាសថា លោកនឹងដំឡើងពន្ធបន្ថែមទៀតលើទំនិញនាំចូលពីកាណាដា និងបានផ្អាកកិច្ចចរចាពាណិជ្ជកម្មទាំងអស់ជាមួយកាណាដា។ ទោះជាយ៉ាងណា លោក Carney បានអះអាងថា លោកផ្ទាល់បានជំទាស់នឹងការផ្សាយពាណិជ្ជកម្មនេះ ប៉ុន្តែអភិបាលខេត្ត Ontario មិនព្រមស្តាប់តាមឡើយ។
ជាចុងក្រោយ នៅពេលចាកចេញពីប្រទេសកូរ៉េខាងត្បូង លោក ត្រាំ បាននិយាយថា លោកមានកិច្ចសន្ទនាដ៏ល្អជាមួយលោក Carney អំឡុងពេលពិធីជប់លៀងនោះ ប៉ុន្តែមិនបានបញ្ជាក់លម្អិតទេ។ រីឯកាលពីថ្ងៃសុក្រ លោក ត្រាំ នៅតែបន្តនិយាយថា សហរដ្ឋអាមេរិកនិងកាណាដា នឹងមិនចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្មឡើងវិញឡើយ។
