ខេត្តបន្ទាយមានជ័យ៖ ក្រោមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់បងប្អូនពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ មកកាន់មាតុភូមិកម្ពុជា តាមច្រកអន្តរជាតិដូង ខេត្តបាត់ដំបង។

ជាលទ្ធផល នៅថ្ងៃសៅរ៍ ដដែល ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៤:០០នាទីល្ងាច កម្លាំងនគរបាលបានទទួលបងប្អូនប្រជាពលរដ្ឋខ្មែរវិលត្រឡប់មកពីប្រទេសថៃ សរុបចំនួន ១៥នាក់ (ស្រី ០៧នាក់)។ ដើម្បីធានានូវសុវត្ថិភាព និងភាពងាយស្រួលដល់ពួកគាត់ កម្លាំងនគរបាលបានប្រើប្រាស់រថយន្តចំនួន ០២គ្រឿង ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់លំនៅឋានរៀងៗខ្លួន។


បងប្អូនពលរដ្ឋដែលបានទទួលការដឹកជញ្ជូន រួមមាន៖
* ខេត្តបាត់ដំបង ចំនួន ០៤នាក់ (ស្រី ០១នាក់)
* ខេត្តកំពង់ចាម ចំនួន ០២នាក់ (ស្រី ០១នាក់)
* ខេត្តបន្ទាយមានជ័យ ចំនួន ០៩នាក់ (ស្រី ០៥នាក់)។



សកម្មភាពមនុស្សធម៌នេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់កម្លាំងនគរបាលជាតិ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសការសម្រួលដល់ការវិលត្រឡប់របស់ពលករខ្មែរ ពីបណ្តាប្រទេសជិតខាង មកកាន់ស្រុកកំណើតប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព។
