អង់គ្លេស​ពង្រឹង​សន្តិសុខ​លើ​រថភ្លើង​និង​ស្ថានីយ៍ ក្រោយ​ហេតុការណ៍​ចាក់​ប្រហារ​ដ៏​តក់ស្លុត

អង់គ្លេស​ពង្រឹង​សន្តិសុខ​លើ​រថភ្លើង​និង​ស្ថានីយ៍ ក្រោយ​ហេតុការណ៍​ចាក់​ប្រហារ​ដ៏​តក់ស្លុត

អាជ្ញាធរ​អង់គ្លេស​បាន​បង្កើន​កម្លាំង​ប៉ូលិស​បន្ថែម​នៅ​លើ​រថភ្លើង និង​តាម​បណ្ដា​ស្ថានីយ​នានា ដើម្បី​ធានា​សុវត្ថិភាព​សាធារណជន​ ក្រោយ​មាន​ហេតុការណ៍​ចាក់​ប្រហារ​ដោយ​កាំបិត​ដ៏​គួរ​ឲ្យ​តក់ស្លុត​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​មួយ កាលពី​ថ្ងៃទី​២ វិច្ឆិកា ដែល​បណ្ដាល​ឲ្យ​មាន​ជនរងគ្រោះ​រហូតដល់ ១០​នាក់។ ដំបូង​ហេតុការណ៍​នេះ​ត្រូវ​បាន​ដាក់​ការសង្ស័យ​ថា​ជា​«អំពើ​ភេរវកម្ម»។

ប៉ូលិស​កំពុង​ល្បាត​តាម​ស្ថានីយ​រថភ្លើង​នៅ​អង់គ្លេស

យោង​តាម​ការ​រាយការណ៍​របស់​ទូរទស្សន៍ Sky News លោកស្រី Heidi Alexander រដ្ឋមន្ត្រី​ដឹកជញ្ជូន​អង់គ្លេស បាន​ហៅ​ហេតុការណ៍​ចាក់​ដោយ​កាំបិត​នេះ​ថា​ជា «ឧប្បត្តិហេតុ​ដ៏​គួរ​ឲ្យ​តក់ស្លុត» ហើយ​បាន​បញ្ជាក់​ពី​ការ​បង្កើន​វត្តមាន​ប៉ូលិស​យ៉ាងច្រើន​នៅ​តាម​បណ្ដា​ស្ថានីយ៍ និង​នៅ​លើ​រថភ្លើង ដើម្បី​ធានា​សុវត្ថិភាព​ជូន​សាធារណជន។

ក្រោយ​ផ្ទុះ​អំពើ​ហិង្សា​នេះ ជនរងគ្រោះ ២​នាក់​ក្នុង​ចំណោម ១០​នាក់ កំពុង​តែ​ប្រឹងប្រែង​ជម្នះ​ដើម្បី​មាន​ជីវិត​រស់រាន​មាន​ជីវិត ក្នុង​អំពើ​វាយប្រហារ​ដ៏​សាហាវ​នេះ​ដែល​បាន​កើតឡើង​លើ​រថភ្លើង​ពី Doncaster នៃ​ទីក្រុង Cambridge ឆ្ពោះទៅ​កាន់ King’s Cross ក្នុង​ទីក្រុង​ឡុងដ៍។

អំពើ​វាយប្រហារ​ដ៏​ហិង្សា​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​បុរស​ជនជាតិ​អង់គ្លេស ២​រូប ដោយ​ម្នាក់​អាយុ ៣២​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ ៣៥​ឆ្នាំ។ ក្នុង​ដំណាក់កាល​ដំបូង ប៉ូលិស​អង់គ្លេស​បាន​ដាក់​ការសង្ស័យ​ថា​ជា​អំពើ​ភេរវកម្ម ប៉ុន្តែ​យោង​តាម​សេចក្ដី​រាយការណ៍​ជា​បន្តបន្ទាប់​របស់​សារព័ត៌មាន​អង់គ្លេស គ្មាន​សញ្ញា​ណា​មួយ​បញ្ជាក់​ថា​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​នោះ​ទេ។

តាម​ការ​រាយការណ៍​របស់ Sky News ទៀត​ថា ព្រះមហាក្សត្រ​អង់គ្លេស និង​ម្ចាស់ក្សត្រី បាន​ចេញ​រាជសារ​សម្ដែង​ការ «រន្ធត់​ចិត្ត​ខ្លាំង​ណាស់» ចំពោះ​ការ​វាយប្រហារ​ដ៏​គួរ​ឲ្យ​ខ្លាច​នេះ ខណៈ​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Keir Starmer បាន​ពណ៌នា​អំពី​ការ​ចាក់​សម្លាប់​នេះ​ថា​ជា​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង។

ជន​បង្ក​ទាំងពីរ​នាក់​នោះ​ជា​ជនជាតិ​អង់គ្លេស ដោយ​ម្នាក់​អាយុ ៣២​ឆ្នាំ​ជា​ជនជាតិ​ស្បែក​ខ្មៅ និង​ម្នាក់​ទៀត​អាយុ ៣៥​ឆ្នាំ​មាន​ដើម​កំណើត​ពី​តំបន់​សមុទ្រ​ការីប៊ីន។ ជន​បង្ក​ទាំងពីរ​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​ឃុំឃាំង​នៅ​ប៉ុស្តិ៍​ប៉ូលិស។

សេចក្ដី​រាយការណ៍​របស់ 9news បាន​ដកស្រង់​សម្ដី​មន្ត្រី​ជំនាញ​ប្រឆាំង​ភេរវកម្ម​ដែល​បាន​និយាយ​ថា ក្នុង​ដំណាក់កាល​នេះ មិន​មាន​អ្វី​អាច​បង្ហាញ​ថា​នេះ​ជា​ឧប្បត្តិហេតុ​ភេរវកម្ម​ទេ។ ក្នុង​ឧបទ្ទវហេតុ​នេះ មាន​មនុស្ស ១១​នាក់​បាន​រង​ផល​ប៉ះពាល់ ដោយ ១០​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយ​រថយន្ត​សង្គ្រោះ ហើយ​ជនរងគ្រោះ​ម្នាក់​បាន​ទៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង។ មិន​មាន​សេចក្ដី​រាយការណ៍​ថា​មាន​ជនរងគ្រោះ​ស្លាប់​ក្នុង​អំពើ​ហិង្សា​នេះ​ទេ។

administrator

Related Articles