(ស្វាយរៀង)៖ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មការចំពោះកិច្ចប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សហការជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) និងកម្លាំងនគរបាលជាតិ ព្រមទាំងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានបើកប្រតិបត្តិការចុះឆែកឆេរដ៏កក្រើកមួយនៅកាស៊ីណូ ស៊ីលវើរ ស្តារ ក្នុងខេត្តស្វាយរៀង ដែលសង្ស័យពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមបច្ចេកវិទ្យា។
ក្នុងប្រតិបត្តិការដ៏ក្ដៅគគុកនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ២៣នាក់ ដែលក្នុងនោះមានជនបរទេសជាច្រើនសញ្ជាតិដូចជា ស្រីលង្កា ៦នាក់ (ស្រី ១នាក់), ប៉ាគីស្ថាន ៧នាក់ (ស្រី ២នាក់), ហ្វីលីពីន ២នាក់ (ស្រី ២នាក់), នេប៉ាល់ ២នាក់ (ស្រី ២នាក់), ឥណ្ឌា ១នាក់, នីហ្ស៊េរីយ៉ា ១នាក់ និងអាល់ហ្ស៊េរី ១នាក់ (ដែលត្រូវសង្ស័យជាជនរងគ្រោះ)។ ជាងនេះទៅទៀត មេខ្លោងសំខាន់ៗចំនួន ៣នាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ គឺជនជាតិចិនតៃវ៉ាន់ ១នាក់ និងម៉ាឡេស៊ី ២នាក់។
ជាមួយគ្នានោះ វត្ថុតាងជាច្រើនត្រូវបានដកហូតរួមមាន ទូរ Call Center ចំនួន ២៤, លិខិតឆ្លងដែន ១៩ក្បាល និងទូរសព្ទដៃ ២០គ្រឿង។
បន្ទាប់ពីមានភស្តុតាងរឹងមាំគ្រប់គ្រាន់ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចជាបន្ទាន់នូវវិធានការព្យួរអាជ្ញាប័ណ្ណកាស៊ីណូ ស៊ីលវើរ ស្តារ ដោយមិនអនុញ្ញាតឲ្យបន្តប្រតិបត្តិការអាជីវកម្មឡើយ។
មេខ្លោងទាំង ៣នាក់ (ចិនតៃវ៉ាន់ ១នាក់ និងម៉ាឡេស៊ី ២នាក់) ត្រូវបានបញ្ជូនទៅកាន់តុលាការខេត្តស្វាយរៀង ដើម្បីប្រឈមមុខនឹងច្បាប់។ រីឯជនបរទេស ២០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមនិរទេសចេញពីប្រទេសកម្ពុជា។
គួររំលឹកផងដែរថា យុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ នឹងត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតទូទាំងប្រទេស។
សមត្ថកិច្ចចម្រុះនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងចំពោះមេខ្លោងទាំងអស់ដែលជាប់ពាក់ព័ន្ធ ដោយគ្មានការលើកលែងឡើយ ដើម្បីធានាសុវត្ថិភាពសង្គម និងកិត្តិយសជាតិ។ ផ្ដល់សិទ្ធិដោយ៖ Freshnews
