យោធាមីយ៉ាន់ម៉ាបានបន្តប្រតិបត្តិការកម្ចាត់ក្រុមឧក្រិដ្ឋកម្មអនឡាញដោយមិនបន្ថយដៃឡើយ ដោយបានបើកការទម្លាក់គ្រាប់បែកជាប់គ្នាអស់រយៈពេល ៩ ថ្ងៃ ដើម្បីបោសសម្អាតសម្បុក Scammer ទាំងស្រុង។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Amarin កាលពីថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា កងទ័ពឆ្មាំការពារព្រំដែន (BGF) ដែលជាសម្ព័ន្ធមិត្តរបស់យោធាមីយ៉ាន់ម៉ា នៅតែបន្តបាញ់ទម្លាក់គ្រាប់ទៅលើតំបន់សេដ្ឋកិច្ចពិសេស KK Park។ តំបន់នេះស្ថិតនៅក្នុងស្រុក Myawaddy រដ្ឋ Karen ប្រទេសមីយ៉ាន់ម៉ា ជាប់ព្រំដែនជាមួយឃុំ Mae Ku ស្រុក Mae Sot ខេត្ត Tak នៃប្រទេសថៃ។ 
ក្រៅពីការវាយប្រហារតាមផ្លូវអាកាស កងទ័ពក៏បានប្រើប្រាស់គ្រាប់បែកបង្កៃនៅតាមទីតាំងសំខាន់ៗមួយចំនួន ដើម្បីបំផ្ទុះអគារគោលដៅ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ប្រតិបត្តិការទាំងនេះបានកើនឡើងរហូតដល់ ៤ ដងក្នុងមួយថ្ងៃ។
យុទ្ធនាការបោសសម្អាតដ៏ក្តៅគគុកនេះ បានបង្ខំឱ្យជនបរទេសរាប់ពាន់នាក់ភៀសខ្លួនចូលទៅក្នុងទឹកដីថៃ។ អាជ្ញាធរខេត្ត Tak បានបង្កើនការត្រួតពិនិត្យ និងដាក់កងកម្លាំងប្រុងជើងការខ្ពស់ ដើម្បីត្រៀមទប់ទល់នឹងស្ថានការណ៍ដែលអាចកើតមានឡើង។ 
ទន្ទឹមនឹងនោះ ក៏មានសេចក្តីរាយការណ៍ឱ្យដឹងថា ក្រុម Scammer ដែលជាជនបរទេសមួយចំនួនបានរត់ភៀសខ្លួនចេញពី KK Park ហើយបានលួចចូលទៅបង្កើតបណ្តាញឆបោកបន្តនៅក្នុងប្រទេសថៃ។
យ៉ាងណាក៏ដោយ ប៉ូលិសថៃបានបើកប្រតិបត្តិការឆ្មក់ចូលវីឡាមួយកន្លែងក្នុងខេត្ត Samut Prakarn ដោយបានចាប់ខ្លួនជនបរទេសជា Scammer ចំនួន ២៤ នាក់ ដែលកំពុងលាក់ខ្លួនបើកបណ្តាញឆបោក។ ក្នុងនោះភាគច្រើនជាជនជាតិហ្វីលីពីន។
ក្នុងចំណោមជនបរទេសទាំង ២៤ នាក់ ដែលត្រូវបានចាប់ខ្លួន មាន ២១ នាក់ជាជនជាតិហ្វីលីពីន, ១ នាក់ជាជនជាតិម៉ាឡេស៊ី, ១ នាក់ជាជនជាតិចិន និង ១ នាក់ជាជនជាតិសិង្ហបុរី។
អត្ថបទ៖ សុខ សុវណ្ណ
