ព្យុះកាលមែជី ត្រៀមបង្កើនកម្លាំងជាសង្ឃរាដ៏កាចសាហាវ ឆ្ពោះមកវៀតណាម ក្បែរកម្ពុជា!

ព្យុះកាលមែជី ត្រៀមបង្កើនកម្លាំងជាសង្ឃរាដ៏កាចសាហាវ ឆ្ពោះមកវៀតណាម ក្បែរកម្ពុជា!

ព្យុះថ្មីដែលមានឈ្មោះថា កាលមែជី (Kalmaegi) បានបង្កើនកម្លាំងក្លាយជាព្យុះត្រូពិកនៅសមុទ្រខាងកើតហ្វីលីពីន ហើយត្រូវបានគេរំពឹងថានឹងវិវត្តក្លាយជាព្យុះទីហ្វុង ឬសង្ឃរាកម្រិតខ្លាំង មុនពេលវាយប្រហារភាគកណ្ដាលប្រទេសវៀតណាម ដែលនៅក្បែរកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាមព័ត៌មាន​ពីមជ្ឈមណ្ឌលព្រមានព្យុះទីហ្វុងរួមគ្នា (JTWC) ​គិតត្រឹម​ព្រឹកថ្ងៃអាទិត្យ​ កាលមែជី ដែលស្ថិតនៅជាព្យុះត្រូពិកនៅឡើយនោះ បានចាប់ផ្ដើមមាន​រូបរាងជួរពពកវិលជុំវិញផ្ចិតនៃប្រព័ន្ធសម្ពាធទាប (Low Pressure) ជាបណ្ដើរៗជាមួយនឹង​កម្លាំងខ្យល់បក់បោកថេរ ៨៥ គីឡូម៉ែត្រ/ម៉ោង ហើយរំពឹងថានឹង​បង្កើនកម្លាំងក្លាយជាទីហ្វុងនៅពាក់កណ្ដាល​យប់​នេះ។

ការព្យាករផ្លូវដើររបស់ព្យុះត្រឹមព្រឹកថ្ងៃអាទិត្យ​បង្ហាញថា កាលមែជី កំពុងរំកិលខ្លួនឆ្ពោះទៅទិសខាងលិច ពោលគឺបំបុកប្រជុំកោះភាគកណ្ដាល​នៃប្រទេសហ្វីលីពីននៅថ្ងៃអង្គារ (៤ វិច្ឆិកា) មុនឆ្លងចូលមក​សមុទ្រចិនខាងត្បូង។ ជាមួយ​នឹង​លក្ខខណ្ឌសមស្រប រួមទាំងសីតុណ្ហភាពលើ​ផ្ទៃសមុទ្រខ្ពស់ដល់ ២៨ អង្សាសេ កាលមែជី នឹង​បង្កើនកម្លាំងក្លាយជាទីហ្វុងខ្លាំងក្លា (Very Strong Typhoon) ជាមួយនឹង​កម្លាំងខ្យល់បក់បោកថេរ ១៩៥ គីឡូម៉ែត្រ/ម៉ោង (ឬស្មើនឹង​សង្ឃរាកម្រិតធំទី៣នៅអាត្លង់ទិកខាងជើង) មុនវាយប្រហារភាគកណ្ដាលវៀតណាម (នៅថ្ងៃសុក្រ) ពោលគឺនៅក្បែរតំបន់ភាគឦសានរបស់កម្ពុជា ។

ការព្យាករដដែលអាច​មាន​ការប្រែប្រួលខ្លះៗ ដោយផ្អែកទៅលើលក្ខខណ្ឌបរិយាកាស​នាពេលអនាគត​ ប៉ុន្តែអ្វីដែលគេដឹងនោះគឺថា ភាពខ្លាំងនៃប្រព័ន្ធសម្ពាធខ្ពស់ (High Pressure) នឹងរុញប្រព័ន្ធសម្ពាធទាបរបស់ កាលមែជី មិនឱ្យបោលក្បាលទៅទិសខាងជើងឆ្ងាយ ជាហេតុធ្វើឱ្យ​ព្យុះនេះវាយប្រហារភាគកណ្ដាលវៀតណាម ដែលនៅក្បែរកម្ពុជា ហើយមាន​លទ្ធភាព​បន្តរុលទៅដល់ឡាវ ឬថៃ។

បើមែនទែនទៅ តំបន់នៃភាពមិនច្បាស់លាស់​នៃព្យុះ (Cone of Uncertainty) ដែល​សំដៅលើតំបន់ដែលគេមិនទាន់អាច​កំណត់ទិសដៅព្យុះបាន​នោះ ក៏រាប់បញ្ចូល​ទាំងតំបន់ភាគឦសានកម្ពុជាផងដែរ។ នេះបើតាមការព្យាកររបស់ JTWC ដដែល។ នោះមាន​ន័យថា កម្ពុជាអាច​ស្ថិតនៅលើគន្លង ឬនៅក្បែរផ្លូវដើរ(ស្នូល)នៃព្យុះ។

ឥឡូវនេះ អាជ្ញាធរហ្វីលីពីន ក៏ដូចជាវៀតណាម ថៃ កំពុងព្រមានឱ្យ​ប្រជាជនរបស់ខ្លួនត្រៀមខ្លួនសម្រាប់ការបក់បោករបស់ កាលមែជី ដែលនឹង​នាំមកនូវខ្យល់កន្រ្តាក់ខ្លាំងក្លា ភ្លៀងធ្លាក់ខ្លាំងជោគជាំ ជំនោរទឹកសមុទ្រដោយសារកម្លាំងខ្យល់ ទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីជាដើម។

ការបក់បោកនៃព្យុះថ្មីនេះ កើតឡើងខណៈវៀតណាម និងហ្វីលីពីន រងគ្រោះនូវព្យុះទីហ្វុង ឬត្រូពិកជាច្រើនរួចមកហើយនៅឆ្នាំនេះ។ ភាគកណ្ដាលវៀតណាម​ឯណោះវិញ ក៏កំពុងរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរជាប្រវត្តិសាស្រ្ត ដែល​មិនទាន់ស្រកទៅវិញ ដោយសារតែឥទ្ធិពលនៃព្យុះជាបន្តបន្ទាប់ និងមុសុងឦសាន ដែលធ្វើឱ្យ​ប្រព័ន្ធសម្ពាធទាបគ្របដណ្ដប់ទូទាំងតំបន់។

សម្រាប់កម្ពុជា មិនថាស្ថិត ឬមិនស្ថិតនៅក្នុងគន្លងរបស់ព្យុះ​ កាលមែជី នោះទេ គេអាចនឹងឃើញភ្លៀងធ្លាក់ខ្លាំង លាយឡំនឹង​ខ្យល់កន្រ្តាក់ និងផ្គររន្ទះ នៅពេលវាបក់បោកមកក្បែរ ពោលគឺនៅសមុទ្រចិនខាងត្បូង។

administrator

Related Articles