ជនជាតិតៃវ៉ាន់ម្នាក់ រងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនជិត ១០០គីឡូក្រាម នៅភ្នំពេញ!

ជនជាតិតៃវ៉ាន់ម្នាក់ រងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនជិត ១០០គីឡូក្រាម នៅភ្នំពេញ!

ភ្នំពេញ៖ ជនសង្ស័យជាជនជាតិចិនតៃវ៉ាន់ម្នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ជាផ្លូវការ ពាក់ព័ន្ធនឹងករណីរក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដែលមានទម្ងន់សរុបជិត ១០០គីឡូក្រាម។ ការចោទប្រកាន់នេះធ្វើឡើងក្រោយកម្លាំងសមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំមួយនេះកាលពីចុងខែតុលា ឆ្នាំ២០២៥។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានជម្រាបសាធារណជនឲ្យដឹងកាលពីល្ងាចថ្ងៃអាទិត្យ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននៅពីរគោលដៅផ្សេងគ្នា គឺនៅផ្ទះលេខ១៥៩ ផ្លូវបេតុងលេខBT12M ភូមិព្រៃកី.ខ សង្កាត់ពងទឹក ខណ្ឌដង្កោ និងនៅផ្ទះលេខ២៩ បុរីប៉េងហួត បឹងស្ងោរ POLARIS ផ្លូវលេខP16 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ខឹង-វៃស៊ឹង (DENG-WEISHENG) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ រួមជាមួយវត្ថុតាងជាសារធាតុញៀនជាច្រើនប្រភេទ។ វត្ថុតាងដែលដកហូតបានរួមមាន៖ សារធាតុញៀនប្រភេទកេតាមីន (K) ទម្ងន់ ៦៤,៥៧១.៥៦ ក្រាម សារធាតុញៀនប្រភេទអ៊ុចស្តាស៊ី (MDMA) ទម្ងន់ ៣១,៨៧៥.៦៣ ក្រាម និងសារធាតុផ្សំមិនច្បាស់លាស់ទម្ងន់ ៣,០១០.៧ ក្រាម។ សរុបទាំងអស់ជិត ៩៩គីឡូក្រាម។ ក្រៅពីនេះ ក៏មានជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ៥គ្រឿង ម៉ាស៊ីនក្រឡុកគ្រឿងញៀន ១គ្រឿង កែវចម្រាញ់គ្រឿងញៀន ២ និងសំបកស្បោងប្លាស្ទិចមួយចំនួនផងដែរ។

Drug bust evidence

ក្រោយបញ្ចប់ប្រតិបត្តិការ សំណុំរឿងនិងជនសង្ស័យត្រូវបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យខាងលើ និងបក្ខពួក (ដែលសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ) ពីបទ រក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០២៥។ បទល្មើសទាំងនេះត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ មាត្រា ៤៥ និងមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ សមត្ថកិច្ចបន្តការស្រាវជ្រាវដើម្បីចាប់ខ្លួនបក្ខពួកដែលនៅសេសសល់។

administrator

Related Articles