ភ្នំពេញ៖ លោកស្រី Thananon Niramit ជាភរិយាលោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានចេញមុខសុំទោសជាសាធារណៈហើយ ក្រោយពីបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យដាក់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។
ហេតុការណ៍នេះបានកើតឡើង នាពេលដែលលោក Anutin បានវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន។ លោកបានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅអាកាសយានដ្ឋាន Don Mueang ពាក់ព័ន្ធនឹងបញ្ហាជម្លោះជាមួយកម្ពុជា និងក្រុមឧក្រិដ្ឋកម្មអនឡាញ។

ដោយសារតែមានសំណួររសើបជាច្រើន អ្នកកាសែតបានសួរដេញដោលលោក Anutin យ៉ាងចាស់ដៃ ដែលធ្វើឲ្យភរិយារបស់លោកមិនសប្បាយចិត្តជាខ្លាំង។ ពេលនោះ លោកស្រី Thananon បានស្ដីបន្ទោសទៅកាន់អ្នកកាសែតថា៖ «ហេតុអ្វីបានជាអ្នកមានចិត្តអាក្រក់ចំពោះនាយករដ្ឋមន្ត្រីយ៉ាងនេះ? លើកក្រោយខ្ញុំនឹងចាំទុក ការសួរនេះច្រើនពេកហើយ»។
សម្ដីរបស់លោកស្រី Thananon បានបង្កឲ្យមានការជជែកវែកញែកយ៉ាងក្ដៅគគុកនៅក្នុងប្រទេសថៃ រហូតឈានដល់ការចោទប្រកាន់ថា ជំទាវវ័យ ៣២ ឆ្នាំរូបនេះ បានគំរាមកំហែងដល់ប្រព័ន្ធផ្សព្វផ្សាយ។
យ៉ាងណាមិញ នៅថ្ងៃសៅរ៍ លោកស្រី Thananon បានបង្ហោះសារនៅលើ Instagram ដោយបញ្ជាក់ថា លោកស្រីពិតជាគ្មានបំណងគំរាមកំហែងអ្នកយកព័ត៌មាន ឬបន្ទាបតម្លៃការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយនោះឡើយ។
លោកស្រីបានសរសេររៀបរាប់ថា៖ «វាអាចជាការនិយាយលេងសើច ប៉ុន្តែខ្ញុំយល់ថា គេអាចមើលមកថាមិនសមរម្ម ឬធ្វើឲ្យមនុស្សមួយចំនួនមានអារម្មណ៍មិនល្អ។ ខ្ញុំទទួលយកមតិប្រតិកម្ម និងយោបល់ពីអ្នករាល់គ្នា ហើយធានាថា នឹងគោរពសារព័ត៌មានជានិច្ច»។
