ក្រុម Scammer ជនបរទេសមួយក្រុមធំ ដែលបានរត់ភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ា បានមកលាក់ខ្លួនបើកបណ្តាញឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសថៃ តែទីបំផុតត្រូវបានកម្លាំងប៉ូលិសថៃបង្ក្រាប និងចាប់ខ្លួនបានទាំងស្រុង។

យោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កម្លាំងប៉ូលិសថៃបានធ្វើការឆ្មក់ចូលទៅក្នុងវីឡាមួយកន្លែង ស្ថិតក្នុងខេត្ត Samut Prakarn ហើយបានឃាត់ខ្លួន Scammer ជាជនបរទេសចំនួន ២៤នាក់។ ក្នុងចំណោមអ្នកទាំងនោះ ភាគច្រើនគឺជាជនជាតិហ្វីលីពីន ដែលបានលួចលាក់បើកប្រតិបត្តិការឆបោកអនឡាញ។
លោក Natthasak Chaowanasai ស្នងការការិយាល័យស៊ើបអង្កេតកណ្តាលថៃ (CIB) បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ជនបរទេសទាំងនេះគឺជាសមាជិកនៃក្រុម Scammer អន្តរជាតិ ដែលបានរត់គេចខ្លួនពីយុទ្ធនាការបង្រ្កាបយ៉ាងក្ដៅគគុកនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានជ្រកកោនចូលមកក្នុងទឹកដីថៃ។
លោកបានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនបរទេសទាំង ២៤នាក់ ដែលត្រូវបានចាប់ខ្លួន មាន ២១នាក់ជាជនជាតិហ្វីលីពីន, ម្នាក់ជាជនជាតិម៉ាឡេស៊ី, ម្នាក់ជាជនជាតិចិន និងម្នាក់ទៀតជាជនជាតិសិង្ហបុរី។
គួររំលឹកផងដែរថា នៅក្នុងប្រទេសមីយ៉ាន់ម៉ា កងទ័ពឆ្មាំការពារព្រំដែន (BGF) ដែលជាសម្ព័ន្ធមិត្តរបស់យោធាមីយ៉ាន់ម៉ា បានបង្កើនការទម្លាក់គ្រាប់បែកយ៉ាងគំហុកទៅលើតំបន់សេដ្ឋកិច្ចពិសេស KK Park ដែលស្ថិតនៅជាប់ព្រំដែនថៃ និងត្រូវបានគេស្គាល់ថាជាមូលដ្ឋានទ័ព និងជម្រកដ៏ធំរបស់ក្រុម Scammer។

កងទ័ព BGF បានបង្កើនការទម្លាក់គ្រាប់បែករហូតដល់ ២ដងក្នុងមួយថ្ងៃ ដើម្បីកម្ទេចអគារជាច្រើននៅក្នុងតំបន់ KK Park ដែលមានទីតាំងនៅស្រុក Myawaddy រដ្ឋ Karen នៃប្រទេសមីយ៉ាន់ម៉ា ទល់មុខនឹងឃុំ Mae Ku ស្រុក Mae Sot ខេត្ត Tak នៃប្រទេសថៃ។
ដោយសារតែការភ័យខ្លាច និងចង់រត់គេចពីគ្រោះថ្នាក់ដល់អាយុជីវិត ជនបរទេសរាប់ពាន់នាក់បានភៀសខ្លួនចូលមកក្នុងប្រទេសថៃ ដែលក្នុងនោះជនជាតិឥណ្ឌាមានចំនួនច្រើនជាងគេរហូតដល់ ៤៩២នាក់ បន្ទាប់មកគឺជនជាតិហ្វីលីពីន ២២០នាក់ ជនជាតិចិន ២០១នាក់ និងជនជាតិដទៃទៀតរាប់រយនាក់។
