វិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុឥណ្ឌូណេស៊ី (Indef) បានចេញមុខព្រមានថា ការហូរចូលនៃសម្លៀកបំពាក់ជជុះខុសច្បាប់ កំពុងញាំញីវិស័យវាយនភណ្ឌរបស់ឥណ្ឌូណេស៊ីយ៉ាងធ្ងន់ធ្ងរ រហូតដល់អាចបង្កមហន្តរាយ។
យោងតាមការចុះផ្សាយរបស់កាសែត Jakarta Globe ស្ថាប័ន Indef បានប៉ាន់ប្រមាណថា កម្មករក្នុងវិស័យវាយនភណ្ឌប្រមាណ ៥២ ម៉ឺននាក់ ត្រូវបានបាត់បង់ការងារ។ មិនតែប៉ុណ្ណោះ រោងចក្រវាយនភណ្ឌក្នុងស្រុកជាច្រើន បានបាត់បង់ចំណែកទីផ្សារយ៉ាងគំហុក ដោយសារតែការជួញដូរសម្លៀកបំពាក់ជជុះដោយខុសច្បាប់។

លោកស្រី Esther Sri Astuti សេដ្ឋកិច្ចវិទូរបស់ Indef បានថ្លែងនៅលើកញ្ចក់ទូរទស្សន៍ Beritasatu កាលពីថ្ងៃសុក្រថា ក្រុមហ៊ុនផលិតក្នុងស្រុក ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម កំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងការប្រកួតប្រជែង ព្រោះសម្លៀកបំពាក់ជជុះតម្លៃថោកៗ នៅតែបន្តចរាចរចូលទីផ្សារឥតឈប់ឈរ។
លោកស្រីបានបន្តទៀតថា៖ «ការនាំចូលសម្លៀកបំពាក់ជជុះខុសច្បាប់ បានធ្វើឲ្យក្រុមហ៊ុនផលិតវាយនភណ្ឌក្នុងស្រុក បាត់បង់ចំណែកទីផ្សារដល់ទៅ ១៥ ភាគរយ។ រោងចក្រជាច្រើន ជាពិសេស SME ត្រូវបានបង្ខំចិត្តកាត់បន្ថយកម្លាំងពលកម្ម ដោយសារតែការលក់ធ្លាក់ចុះយ៉ាងគំហុក»។
ក្រៅពីបញ្ហាការងារ លោកស្រី Esther ក៏បានគូសបញ្ជាក់ថា បញ្ហានេះក៏ធ្វើឲ្យរដ្ឋបាត់បង់ចំណូលពន្ធផងដែរ។ រីឯសមាគមវាយនភណ្ឌឥណ្ឌូណេស៊ី (API) វិញ បានប៉ាន់ប្រមាណថា ការខាតបង់សេដ្ឋកិច្ចសរុបមានប្រមាណ ១ ទ្រីលានរូពី ដែលស្មើនឹងប្រហែល ៥៩ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
បច្ចុប្បន្ន រដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងរៀបចំចាត់វិធានការណ៍ដ៏តឹងរ៉ឹងបំផុត។ លោក Purbaya Yudhi Sadewa រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានថ្លែងថា អាជ្ញាធរបានកំណត់អត្តសញ្ញាណជនល្មើសសំខាន់ៗនៅពីក្រោយបណ្តាញគេចពន្ធទាំងនេះហើយ។ ពួកគេនឹងត្រូវទទួលទណ្ឌកម្មរដ្ឋបាល រួមទាំងការកាត់ទោសព្រហ្មទណ្ឌ ដើម្បីដោះស្រាយបញ្ហានេះឲ្យដាច់ស្រេច។
គួររំលឹកផងដែរថា សម្លៀកបំពាក់ជជុះគេចពន្ធ ត្រូវបានគេយកទៅជួញដូរយ៉ាងពេញនិយមនៅក្នុងទីផ្សារក្នុងស្រុក ជាពិសេសក្នុងចំណោមយុវជនឥណ្ឌូណេស៊ី ទោះបីជាវាផ្ទុយនឹងច្បាប់ពាណិជ្ជកម្មរបស់ប្រទេសក៏ដោយ។ ក្រុមអ្នកឧស្សាហកម្មក្នុងស្រុកបានអះអាងថា ការហូរចូលនៃទំនិញថោកៗ កំពុងតែរុញច្រានវិស័យវាយនភណ្ឌក្នុងស្រុក ដែលកំពុងទន់ខ្សោយរួចជាស្រេចដោយសារតម្រូវការធ្លាក់ចុះ និងកំណើនថ្លៃដើម ឲ្យកាន់តែដុនដាបទៅមុខទៀត។
