ឥណ្ឌូណេស៊ី​ពង្រឹង​សមត្ថភាព​មនុស្សធម៌ និង​សង្គ្រោះ​គ្រោះមហន្តរាយ​ដោយ​បញ្ជាទិញ​យន្តហោះ Airbus A400M ៤​គ្រឿង​បន្ថែម​ទៀត!

ឥណ្ឌូណេស៊ី​ពង្រឹង​សមត្ថភាព​មនុស្សធម៌ និង​សង្គ្រោះ​គ្រោះមហន្តរាយ​ដោយ​បញ្ជាទិញ​យន្តហោះ Airbus A400M ៤​គ្រឿង​បន្ថែម​ទៀត!

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ លោក Prabowo Subianto បាន​ណែនាំ​កងកម្លាំង​ប្រដាប់​អាវុធ​ជាតិ​ឥណ្ឌូណេស៊ី (TNI) ឱ្យ​បញ្ជា​ទិញ​យន្តហោះ​យោធា​ដឹកជញ្ជូន Airbus A400M ចំនួន​៤​គ្រឿង​បន្ថែម​ទៀត។ ការ​បន្ថែម​នេះ​គឺ​ក្នុង​គោលបំណង​ពង្រឹង​សមត្ថភាព​ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​គ្រោះមហន្តរាយ និង​កិច្ចខិតខំ​ប្រឹងប្រែង​មនុស្សធម៌​អន្តរជាតិ។ ព័ត៌មាន​នេះ​ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា។
Airbus A400M

បទបញ្ជា​សំខាន់​នេះ​បាន​កើតឡើង​ក្នុង​អំឡុង​ពេល​ដែល​លោក Prabowo បាន​ប្រគល់​យន្តហោះ​ដឹកជញ្ជូន Airbus A400M ថ្មី​មួយ​គ្រឿង​ទៀត​ជា​ផ្លូវការ​ទៅ​ឱ្យ TNI នៅ​មូលដ្ឋានទ័ពអាកាស Halim Perdanakusuma ក្នុង​ទីក្រុង​ហ្សាកាតា។ យន្តហោះ​ថ្មី​នេះ​មាន​លេខ A-4001 ដែល​បាន​ហោះ​ពី​ទីក្រុង Seville ប្រទេស​អេស្ប៉ាញ មកដល់​ឥណ្ឌូណេស៊ី​ដោយ​ចំណាយ​ពេល​៣​ថ្ងៃ។

លោក Prabowo បាន​បញ្ជាក់​ថា យន្តហោះ​ដ៏​ទំនើប​នេះ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​ឆ្លើយតប​នឹង​គ្រោះមហន្តរាយ​ធម្មជាតិ ដូចជា​ការ​ជម្លៀស​ជនរងគ្រោះ ការ​ផ្តល់​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ និង​សម្ភារៈ​ចាំបាច់​នានា។ លោក​ក៏បាន​លើកឡើង​ផង​ដែរ​ថា ប្រទេស​ឥណ្ឌូណេស៊ី​គួរតែ​ជួយ​ប្រទេស​ដទៃ​ទៀត​ក្នុង​គ្រាអាសន្ន ស្រប​ពេល​ដែល​ប្រទេស​នានា​ធ្លាប់​បាន​ជួយ​ឥណ្ឌូណេស៊ី​វិញ​ក្នុង​អំឡុង​រលកយក្សស៊ូណាមិ​នៅ​ខេត្ត Aceh ឆ្នាំ​២០០៤ និង​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​កាលពី​ឆ្នាំ​២០១៨។ ថ្មីៗ​នេះ ឥណ្ឌូណេស៊ី​ក៏បាន​បញ្ជូន​យន្តហោះ Hercules ទៅកាន់​ប្រទេស​តួកគី​បន្ទាប់ពី​រញ្ជួយ​ដី​ដ៏​ធំ​មួយ ហើយ​បច្ចុប្បន្ន​ក៏​នៅតែ​មាន​ក្រុម​គ្រូពេទ្យ​បន្ត​ប្រតិបត្តិការ​នៅ​ហ្គាហ្សា​ជាមួយ​អារ៉ាប់រួម (UAE)។
Airbus A400M

យន្តហោះ A400M ដែល​ផលិត​ដោយ​ក្រុមហ៊ុន Airbus នេះ​មាន​សមត្ថភាព​ផ្ទុក​ទំនិញ​ធ្ងន់ៗ​បាន​យ៉ាងច្រើន​ដូចជា រថពាសដែក និង​ឧទ្ធម្ភាគចក្រ។ អ្វី​ដែល​កាន់តែ​ពិសេស​នោះ គឺ​វា​អាច​ចុះចត​លើ​ផ្លូវ​រត់​ខ្លី ឬ​មិនទាន់​ក្រាល​កៅស៊ូ​បាន​យ៉ាង​ងាយស្រួល ដែល​ធ្វើ​ឱ្យ​វា​ស័ក្តិសម​បំផុត​សម្រាប់​បេសកកម្ម​យោធា និង​មនុស្សធម៌​គ្រប់​ប្រភេទ។
Airbus A400M

គួរ​រំលឹក​ផង​ដែរ​ថា ក្រសួងការពារជាតិ​ឥណ្ឌូណេស៊ី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ក្នុង​ឆ្នាំ​២០២១ ដើម្បី​ទិញ​យន្តហោះ A400M ចំនួន​ពីរ​គ្រឿង និង​មាន​គម្រោង​ទិញ​បន្ថែម​ចំនួន​៤​គ្រឿង​ទៀត​នា​ពេល​អនាគត។ ការ​បន្ថែម​យន្តហោះ​ថ្មីៗ​ទាំងនេះ​នឹង​ជួយ​ពង្រឹង​សមត្ថភាព​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​ការ​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស​ចំពោះ​គ្រោះមហន្តរាយ​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព។
Airbus A400M

administrator

Related Articles