កម្ពុជា-កូរ៉េ រឹតចំណងសហការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដឹកនាំដោយនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ

កម្ពុជា-កូរ៉េ រឹតចំណងសហការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដឹកនាំដោយនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ លោក ផាក អ៊ីល (Park Il) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ទទួលបន្ទុកបេសកកម្មពិសេស និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារយ៉ាងកក់ក្ដៅ។

ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ប្រាប់ឯកឧត្តម ឯកអគ្គរដ្ឋទូតថា ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េ គឺស្ថិតក្នុងកម្រិតភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ។ លោកក៏បានរំឭកផងដែរថា ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កន្លងទៅ និងបានឯកភាពជាគោលការណ៍ចំពោះការបង្កើតក្រុមការងារពិសេស (Task Force) ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត បានលើកឡើងអំពីលទ្ធផលប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលក្នុងរយៈពេលដ៏ខ្លីកន្លងមកនេះ សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណាក្តី លោកបានបញ្ជាក់បន្ថែមថា ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនអាចបញ្ចប់ក្នុងរយៈពេលដ៏ខ្លីបានទេ ដូច្នេះយើងត្រូវបន្តរួមសហការគ្នាពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិនទុកឱ្យជនល្មើសប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងឆបោក និងអូសទាញពលរដ្ឋបរទេសឱ្យមកធ្វើការក្នុងឧក្រិដ្ឋកម្មនៅកម្ពុជាជាដាច់ខាត។ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ក៏បានសម្តែងការត្រៀមលក្ខណៈពេញលេញ ក្នុងការសម្របសម្រួលជាមួយក្រុមការងារ Task Force ថ្មីនេះ។

ជាការឆ្លើយតប លោក ផាក អ៊ីល (Park Il) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានឯកភាពជាគោលការណ៍ក្នុងការបង្កើតក្រុមការងារ Task Force និងសង្ឃឹមថា កិច្ចពិភាក្សាលម្អិតចំពោះក្រុមការងារពិសេសនេះ នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។ លោកបន្តថា ការបង្កើតក្រុមការងារ Task Force នេះ បង្ហាញពីស្មារតីយកចិត្តទុកដាក់របស់ប្រទេសយើងទាំងពីរក្នុងការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបង្ហាញថា កម្ពុជា និងកូរ៉េ ជាដៃគូជិតស្និទ្ធក្នុងការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនទាំងនេះ។

លោក ផាក អ៊ីល (Park Il) ក៏បានថ្លែងអំណរគុណកម្ពុជា ដែលកន្លងមកបានបញ្ជូនពលរដ្ឋកូរ៉េដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រលប់ទៅប្រទេសដើមវិញ។ អាជ្ញាធរកូរ៉េនឹងបន្តស៊ើបអង្កេតលើករណីពលរដ្ឋទាំងនោះ និងចែករំលែកលទ្ធផលជាមួយកម្ពុជាវិញ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះជំនួបដ៏សំខាន់នេះ ដែលនឹងនាំមកនូវកិច្ចសហប្រតិបត្តិការមួយដ៏ល្អប្រសើរទាំងក្នុងបច្ចុប្បន្ន និងអនាគត គាំទ្រគ្នាទៅវិញទៅមក និងផ្លាស់ប្តូរព័ត៌មាន ធ្វើយ៉ាងណាដើម្បីស្រាវជ្រាវ ស៊ើបអង្កេតឱ្យបានដល់ឫសគល់បណ្តាញអង្គការចាត់តាំងនៃឧក្រិដ្ឋកម្មនេះ ព្រមទាំងរួមចំណែករក្សាបាននូវសន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក។

administrator

Related Articles