សោកនាដកម្ម! សិស្សប្រុសវ័យ១៧ឆ្នាំ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅទឹកធ្លាក់ព្រៃនប់

សោកនាដកម្ម! សិស្សប្រុសវ័យ១៧ឆ្នាំ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅទឹកធ្លាក់ព្រៃនប់

ខេត្តព្រះសីហនុ៖ កើតទុក្ខមិនទាន់រលត់! សិស្សសាលាប្រុសម្នាក់ វ័យទើបតែ១៧ឆ្នាំ បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារលង់ទឹក ខណៈរូបគេនាំគ្នាទៅលេងទឹកកម្សាន្តជាមួយមិត្តភក្តិនៅរមណីយដ្ឋានទឹកធ្លាក់ព្រៃនប់។ ហេតុការណ៍ដ៏សោកសៅនេះ បានកើតឡើងកាលពីវេលាម៉ោង ៤៖៣០ នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅចំណុចអាងទឹកនៃរមណីយដ្ឋានទឹកធ្លាក់ព្រៃនប់ ក្នុងភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រូបភាពពាក់ព័ន្ធ

សមត្ថកិច្ចបានបញ្ជាក់អត្តសញ្ញាណជនរងគ្រោះថាមានឈ្មោះ ឌី សុផាន់ណារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ ជាសិស្ស មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមការបំភ្លឺពីមិត្តភក្តិ គឺជនរងគ្រោះពុំសូវចេះហែលទឹកប៉ុន្មានឡើយ ប៉ុន្តែបែរជានាំគ្នាចុះលេងទឹកក្នុងអាងដែលជ្រៅ។

សេចក្តីរាយការណ៍ពីឈ្មោះ សុខ សុវណ្ណ ភេទប្រុស អាយុ ១៥ឆ្នាំ ដែលត្រូវជាមិត្តភក្តិជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ខ្លួននិងជនរងគ្រោះ បាននាំគ្នាទៅលេងទឹក។ លុះពេលហែលលេងអស់កម្លាំង ខ្លួនក៏បានឡើងមកលើគោកវិញ តែពុំឃើញជនរងគ្រោះឡើងតាមមកដែរ។ ដោយមានការសង្ស័យ ខ្លួនក៏បានហៅបបួលគ្នាជាមួយមិត្តភក្តិដទៃទៀតចុះមុជរាវរក ប៉ុន្តែមិនបានប្រទះឃើញទាល់តែសោះ។ ភ្លាមៗនោះ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីជួយអន្តរាគមន៍។

រូបភាពពាក់ព័ន្ធ

ក្រោយទទួលបានដំណឹង សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងបានធ្វើការមុជទឹកស្វែងរក។ មួយសន្ទុះក្រោយមក ទើបប្រទះឃើញសពជនរងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហើយ។ ក្រោយការពិនិត្យសាកសព និងសាកសួរបំភ្លឺសាក្សី សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះជាគ្រោះថ្នាក់លង់ទឹកស្លាប់ដោយឯកឯង ពុំមានពាក់ព័ន្ធនឹងករណីឃាតកម្មអ្វីឡើយ។ បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

administrator

Related Articles