រន្ធត់! គ្រោះថ្នាក់ចរាចរណ៍ឆក់ជីវិត៥១នាក់ ត្រឹម១១ថ្ងៃចុងខែតុលា! ក្រសួងមហាផ្ទៃអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នខ្ពស់នាឱកាសបុណ្យអុំទូក

រន្ធត់! គ្រោះថ្នាក់ចរាចរណ៍ឆក់ជីវិត៥១នាក់ ត្រឹម១១ថ្ងៃចុងខែតុលា! ក្រសួងមហាផ្ទៃអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នខ្ពស់នាឱកាសបុណ្យអុំទូក

ភ្នំពេញ៖ ស្ថិតិដ៏គួរឲ្យតក់ស្លុតមួយបានបង្ហាញថា ត្រឹមរយៈពេល ១១ថ្ងៃ ចុងខែតុលា ឆ្នាំ២០២៥ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកសរុប ៧៣លើក នៅទូទាំងប្រទេស ដែលបានឆក់យកអាយុជីវិតមនុស្សរហូតដល់ ៥១នាក់ និងបណ្ដាលឲ្យរបួសធ្ងន់ស្រាល ៨៨នាក់។ នេះបើយោងតាមការបញ្ជាក់ពីលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោក ទូច សុឃៈ បានលើកឡើងអំពីស្ថិតិនៃគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃក្នុងរយៈពេលនោះថា គឺមានការប្រែប្រួល។ ជាក់ស្ដែងនៅថ្ងៃទី២១ តុលា មាន ៨ករណី ស្លាប់ ៩នាក់ និងរបួស ១៣នាក់។ ថ្ងៃទី២២ មាន ៣ករណី ស្លាប់ ២នាក់ របួស ៧នាក់។ ថ្ងៃទី២៣ មាន ៦ករណី ស្លាប់ ៥នាក់ របួស ៥នាក់។ ថ្ងៃទី២៤ មាន ៩ករណី ស្លាប់ ៦នាក់ របួស ៨នាក់។ ថ្ងៃទី២៥ មាន ៧ករណី ស្លាប់ ៦នាក់ របួស ៩នាក់។ ថ្ងៃទី២៦ មាន ៧ករណី ស្លាប់ ៤នាក់ របួស ១១នាក់។ ថ្ងៃទី២៧ មាន ៥ករណី ស្លាប់ ៣នាក់ របួស ៧នាក់។ ថ្ងៃទី២៨ មាន ៥ករណី ស្លាប់ ៤នាក់ របួស ៣នាក់។ ថ្ងៃទី២៩ មាន ១០ករណី ស្លាប់ ៣នាក់ របួស ១២នាក់។ ថ្ងៃទី៣០ មាន ៧ករណី ស្លាប់ ៤នាក់ របួស ៦នាក់ និងថ្ងៃទី៣១ មាន ៦ករណី ស្លាប់ ៥នាក់ របួស ៧នាក់។

លោក ទូច សុឃៈ បានបញ្ជាក់បន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ទាំងនេះ បានកើតឡើងស្ទើរគ្រប់បណ្ដាខេត្តក្រុងទូទាំងប្រទេស រួមមាន៖ រាជធានីភ្នំពេញ កំពត កែប កំពង់ចាម កំពង់ឆ្នាំង ស្វាយរៀង សៀមរាប កណ្ដាល កំពង់ស្ពឺ ព្រះសីហនុ តាកែវ ព្រៃវែង កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ កោះកុង មណ្ឌលគិរី ពោធិ៍សាត់ បាត់ដំបង ក្រចេះ ស្ទឹងត្រែង ឧត្តរមានជ័យ និងត្បូងឃ្មុំ។

ឆ្លៀតក្នុងឱកាសនេះ ក៏គួររំលឹកផងដែរថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្ដីអំពាវនាវបន្ទាន់មួយ ស្ដីពីការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា។ គណៈកម្មាធិការបានទទូចដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមអនុវត្តវិធានការសំខាន់ៗទាំង ១០ចំណុចដូចខាងក្រោម៖
១. មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។
២. មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀនជាដាច់ខាត។
៣. មិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
៤. មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។
៥. មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកលើដំបូល និងសូមកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។
៦. ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្ដាំជានិច្ច។
៧. ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ទាំងអ្នកបើកបរ និងអ្នករួមដំណើរ។
៨. ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។
៩. ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាចាំបាច់ ពិសេសកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ មុនចេញដំណើរ។
១០. ត្រូវបើកបរដោយការប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ និងការយោគយល់អធ្យាស្រ័យ។

ទាក់ទងនឹងសេចក្ដីអំពាវនាវនេះ លោក ទូច សុឃៈ ក៏បានក្រើនរំលឹកជាថ្មីដល់អ្នកបើកបរ និងអ្នកដំណើរទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ និងបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា។ លោកបានសង្កត់ធ្ងន់ថា ចរាចរណ៍នឹងមានភាពមមាញឹកខ្លាំងអំឡុងពេលបុណ្យអុំទូក ដែលងាយបង្កឲ្យមានគ្រោះថ្នាក់ មិនថានៅលើផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត និងសូម្បីតែផ្លូវតាមសហគមន៍ភូមិ-ឃុំ ដែលបច្ចុប្បន្នមានការអភិវឌ្ឍជាផ្លូវកៅស៊ូ បេតុង និងគ្រួសក្រហមកាន់តែច្រើន។
ដោយ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ

administrator

Related Articles