ថៃកំពុងរងសម្ពាធខ្លាំង! អនុទីនព្រមានទណ្ឌកម្មអន្តរជាតិ បើមិនបោសសម្អាតក្រុមឆបោកតាមអនឡាញ

ថៃកំពុងរងសម្ពាធខ្លាំង! អនុទីនព្រមានទណ្ឌកម្មអន្តរជាតិ បើមិនបោសសម្អាតក្រុមឆបោកតាមអនឡាញ

នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បានទទួលស្គាល់ដោយបើកចំហរថា ប្រទេសថៃកំពុងប្រឈមសម្ពាធយ៉ាងធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ ឲ្យលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញ (Scam) ជាដាច់ខាត បើមិនដូច្នោះទេ នឹងអាចរងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់មកពីស្ថាប័នពាក់ព័ន្ធ កាលពីថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អនុទីន បានសង្កត់ធ្ងន់ថា នាយកដ្ឋានប្រឆាំងការសម្អាតប្រាក់ (AMLO) ត្រូវតែដោះស្រាយបញ្ហានេះឲ្យបានចំគោលដៅ និងឆាប់រហ័ស បើមិនចង់ឲ្យថៃទទួលរងទណ្ឌកម្មអន្តរជាតិ។ លោកបានបន្ថែមថា ប្រទេសថៃកំពុងស្ថិតក្រោមសម្ពាធខ្លាំងក្លាទាំងពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុក និងពីបណ្ដាប្រទេសនានា។ បើថៃបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹង Scammer នោះ ប្រទេសនេះមិនត្រឹមតែនឹងរងការរិះគន់ចំពោះភាពអសកម្មនោះទេ ប៉ុន្តែអាចនឹងត្រូវអន្តរជាតិផ្តាច់ទំនាក់ទំនងទៀតផង។

យ៉ាងណាក្តី ប្រធានក្រុមប្រឹក្សាភិបាល AMLO លោក Chatchai Promlert បានលើកឡើងថា ស្ថាប័នរបស់លោកបានចាត់វិធានការរួចហើយ ដោយបានបិទគណនីក្លែងក្លាយជាង ៨០០,០០០ (ប្រាំបីសែន) គណនី និងបានបង្កកទឹកប្រាក់ប្រមាណ ៣ ពាន់លានបាតនៅក្នុងប្រព័ន្ធ។ ប៉ុន្តែលោកបានអះអាងថា ក្របខ័ណ្ឌច្បាប់ដែលមានស្រាប់ រួមទាំងបច្ចេកវិទ្យាដែលមានកម្រិត បានរារាំងដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់។

គួររំលឹកផងដែរថា កាលពីចុងខែតុលា កាសែត New York Times បានលាតត្រដាងយ៉ាងច្បាស់ថា ប្រទេសថៃគឺជាច្រកផ្លូវដ៏សំខាន់សម្រាប់ក្រុមឧក្រិដ្ឋជន Scammer ដែលបានបោកប្រាស់ជនជាតិអាមេរិកអស់ទឹកប្រាក់រហូតដល់ ១៦.៦ ពាន់លានដុល្លារ។

ក្នុងអត្ថបទចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៥ កាសែត New York Times បានដកស្រង់ប្រភពពីក្រសួងរតនាគារអាមេរិក ដោយបានសរសេរថា ជនជាតិអាមេរិកជាច្រើនបានចាញ់បោកដោយសារតែអំពើឧក្រិដ្ឋកម្មទាំងនោះ ខណៈក្រុម Scammer បានប្រើប្រាស់អាកាសយានដ្ឋានក្នុងប្រទេសថៃជាស្ពានសម្រាប់បោកបញ្ឆោត និងជួញដូរមនុស្សទៅកាន់តំបន់ផ្សេងៗទៀត។

លើសពីនេះ បើយោងតាមអត្ថបទដដែល មនុស្សជាច្រើនត្រូវបានគេល្បួងឲ្យមកប្រទេសថៃ ក្រោមលេសការងារបម្រើសេវាកម្មអតិថិជន ឬបច្ចេកវិទ្យាព័ត៌មានជាដើម។ ប៉ុន្តែបន្ទាប់ពីទៅដល់ទីក្រុងបាងកក អ្នកទាំងនោះត្រូវបានគេបង្ខំឲ្យឆ្លងដែនថៃ ទៅឃុំឃាំងនៅក្នុងបរិវេណអគារនៅប្រទេសជិតខាង ហើយជារឿយៗថែមទាំងរងការធ្វើបាបរាងកាយ និងទារុណកម្មទៀតផង។

administrator

Related Articles