ចិនសម្រុកទិញទុរេនវៀតណាមជិត ១ ពាន់លានដុល្លារក្នុងខែកញ្ញា បង្ហាញសញ្ញាវិជ្ជមានលើទីផ្សារ

ចិនសម្រុកទិញទុរេនវៀតណាមជិត ១ ពាន់លានដុល្លារក្នុងខែកញ្ញា បង្ហាញសញ្ញាវិជ្ជមានលើទីផ្សារ

យោងតាមទិន្នន័យថ្មីៗនេះ ប្រទេសចិនដីគោកបានចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ជិត ១ ពាន់លានដុល្លារអាមេរិក លើការនាំចូលផ្លែទុរេនពីប្រទេសវៀតណាមក្នុងខែកញ្ញាកន្លងទៅ។ តួលេខនេះបានកើនឡើងរហូតដល់ ៦៨% បើធៀបនឹងខែមុន និងស្មើនឹង ៩៤% នៃតម្លៃសរុបនៃការដឹកជញ្ជូនផ្លែឈើទាំងមូលរបស់វៀតណាម។
នេះគឺជាសញ្ញាវិជ្ជមានមួយ បន្ទាប់ពីការធ្លាក់ចុះនៃការទិញដោយសារការរឹតបន្តឹងលើការត្រួតពិនិត្យគុណភាព។ តាមការឱ្យដឹងពីគយវៀតណាម ការកើនឡើងនេះគឺជាខែទីបីជាប់ៗគ្នាហើយ ដែលចិនបានបង្កើនការទិញទុរេនវៀតណាមយ៉ាងគំហុក។
ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ ប្រទេសចិននៅតែបន្តជាទីផ្សារនាំចេញទុរេនដ៏ធំបំផុតរបស់វៀតណាម ដោយបានទិញអស់ ២.៥៩ ពាន់លានដុល្លារ ក្នុងចំណោមតម្លៃសរុប ២.៨ ពាន់លានដុល្លារ។ ជាមួយគ្នានេះ ការនាំចេញទុរេនរបស់វៀតណាមក៏បានចាប់ផ្ដើមពង្រីកទៅកាន់ទីផ្សារថ្មីៗមួយចំនួនផងដែរ។

ជាក់ស្ដែង ការនាំចេញទៅកាន់ហុងកុងបានកើនឡើង ៨៤% ដល់ ៤២.៨ លានដុល្លារ ខណៈទៅតៃវ៉ាន់កើន ៦៥% ដល់ ៣២ លានដុល្លារ។ លើសពីនេះ ប៉ាពួញូហ្គីណេ និងសហរដ្ឋអាមេរិក ក៏បានកត់ត្រាកំណើន ៤៥% និង ៣៧% រៀងគ្នា។ អ្វីដែលគួរឱ្យកត់សម្គាល់ ប្រទេសម៉ាឡេស៊ីបានឈរនៅលំដាប់កំពូលដោយមានកំណើននៃការនាំចេញរហូតដល់ ៦៥០% ទោះបីជាម៉ាឡេស៊ីនៅតែជាទីផ្សារតូចមួយក៏ដោយ។
ផ្ទុយពីកំណើនដ៏គំហុកនេះ ការនាំចេញទុរេនទៅកាន់ប្រទេសថៃ ដែលធ្លាប់ជាទីផ្សារដ៏សំខាន់មួយ បានធ្លាក់ចុះយ៉ាងគំហុកដល់ ៧៥% ពោលគឺនៅសល់ត្រឹម ៣៣.៩ លានដុល្លារប៉ុណ្ណោះ។
ប្រសិនបើវៀតណាមបន្តពង្រីកតំបន់ដាំដុះដែលត្រូវបានទទួលស្គាល់ និងវិនិយោគលើការកែច្នៃឱ្យបានល្អ ប្រទេសនេះអាចរក្សាតំណែងជាអ្នកនាំមុខគេនៅក្នុងតំបន់ ដោយមានគោលបំណងសម្រេចបានគោលដៅនាំចេញ ៣.៥ ពាន់លានដុល្លារនៅឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពនាំចេញនៅតែប្រឈមមុខនឹងហានិភ័យ ដោយសារមន្ទីរពិសោធន៍ធ្វើតេស្តគុណភាពក្នុងស្រុកមួយចំនួនបានផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នសម្រាប់ហេតុផលថែទាំ ដែលបង្កឱ្យមានការរំខានដល់ការយកគំរូ និងការបញ្ជាក់សម្រាប់ការដឹកជញ្ជូនទៅកាន់ប្រទេសចិន។
ជុំវិញបញ្ហានេះ រដ្ឋាភិបាលវៀតណាមបានណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបញ្ជាក់ពីមូលហេតុ ពន្លឿនការផ្តល់អាជ្ញាប័ណ្ណ និងពង្រឹងការត្រួតពិនិត្យ ដើម្បីស្ដារសមត្ថភាពធ្វើតេស្ត និងទប់ស្កាត់ការធ្លាក់ចុះនៃទំនិញ។ បច្ចុប្បន្ន វៀតណាមមានបន្ទប់ពិសោធន៍ចំនួន ២៤ កន្លែង ដែលត្រូវបានអនុម័តដោយប្រទេសចិន ដោយមានសមត្ថភាពពិនិត្យប្រហែល ៣,២០០ គំរូក្នុងមួយថ្ងៃ។

administrator

Related Articles