ខេត្តកណ្ដាល៖ ករណីអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដ៏ឃោរឃៅមួយបានកើតឡើង កាលពីវេលាម៉ោង ៣៖០០ ទៀបភ្លឺ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវជាតិលេខ ៣ ក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បណ្ដាលឲ្យយុវជនម្នាក់បាត់បង់ជីវិត និង ២នាក់ទៀតរងរបួសធ្ងន់។
ក្រុមជនរងគ្រោះទាំង ៥នាក់ ដែលជិះម៉ូតូ ៣គ្រឿង ត្រូវបានក្រុមជនសង្ស័យមួយហ្វូងធំ (មិនស្គាល់អត្តសញ្ញាណ) ជិះម៉ូតូ ៧គ្រឿង ធ្វើសកម្មភាពធាក់ផ្ដួលម៉ូតូ និងកាប់ដោយផ្លែដាវយ៉ាងព្រៃផ្សៃ។

លោកវរសេនីយ៍ឯក ឡេង សុខរុន អធិការនគរបាលស្រុកកណ្ដាលស្ទឹង បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះទាំង ៥នាក់ មានទីលំនៅជាមួយគ្នានៅភូមិទួលរកា ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្នុងនោះ យុវជន រ៉ាត់ ពិសិដ្ឋ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជានិស្សិត បានស្លាប់បាត់បង់ជីវិត។ ចំណែក ឌឹប ប្រុសពេជ្រ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករសំណង់ និង ស៊ីណេ សំណាង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ បានរងរបួស។ រីឯយុវជន អុន សុជាតិ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករសំណង់ និង ធី ធារ៉ា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ពុំមានរងរបួសអ្វីឡើយ។

វត្ថុតាងដែលបន្សល់ទុកនៅកន្លែងកើតហេតុ រួមមានម៉ូតូ Honda Dream C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ ១AF-៥៤៣០ ចំនួន ១គ្រឿង ដែលជារបស់ជនរងគ្រោះ។

លោកអធិការបានបន្តថា នៅវេលាកើតហេតុ ជនរងគ្រោះទាំង ៥នាក់ បានជិះម៉ូតូ ៣គ្រឿង ក្នុងទិសដៅពីត្បូងទៅជើង ដើម្បីទៅធ្វើការ និងទៅរៀននៅភ្នំពេញ។ ពេលមកដល់ចំណុចកើតហេតុ ក្រុមជនសង្ស័យមួយក្រុមធំ ដែលជិះម៉ូតូ ៧គ្រឿង ដោយបិទភ្លើងទាំងអស់ បានជិះតាមពីក្រោយយ៉ាងលឿន។ ពួកគេបានព្យាយាមកាប់ទៅលើជនរងគ្រោះ និងធាក់ផ្ដួលម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួល។

ជាអកុសល ក្រុមជនសង្ស័យបានធាក់ម៉ូតូរបស់ឈ្មោះ ឌឹប ប្រុសពេជ្រ និង រ៉ាត់ ពិសិដ្ឋ បណ្ដាលឲ្យដួល ហើយឈ្មោះ រ៉ាត់ ពិសិដ្ឋ ក៏បានដួលបោកទៅនឹងលូដែលគេទុកចោលនៅក្បែរចិញ្ចើមផ្លូវ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ក្រោយបង្កហេតុរួច ក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ទៅទិសខាងត្បូង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានបញ្ជូនជនរងគ្រោះទាំង ២នាក់ ដែលរងរបួសទៅកាន់មន្ទីរពេទ្យបង្អែកស្រុកកណ្ដាលស្ទឹង ដើម្បីព្យាបាល។ ចំណែកសពយុវជន រ៉ាត់ ពិសិដ្ឋ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្ន ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង កំពុងសហការជាមួយតាមបណ្ដាប៉ុស្តិ៍នគរបាលទាំង ១៨ ក្នុងស្រុក ដើម្បីបន្តស្រាវជ្រាវតាមរកមុខសញ្ញាជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់។

