ទឹកជំនន់ភ្លាមៗវាយប្រហារបាងកក សាមុតប្រាកាន និងប៉ាតាយ៉ា បង្កការរំខានធ្ងន់ធ្ងរ

ទឹកជំនន់ភ្លាមៗវាយប្រហារបាងកក សាមុតប្រាកាន និងប៉ាតាយ៉ា បង្កការរំខានធ្ងន់ធ្ងរ

ភ្លៀងធ្លាក់យ៉ាងគំហុកកាលពីយប់ថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា បានបង្កឱ្យមានទឹកជំនន់ភ្លាមៗលិចលង់ផ្នែកជាច្រើននៃរាជធានីបាងកក ខេត្តសាមុតប្រាកាន និងទីក្រុងប៉ាតាយ៉ា។ ហេតុការណ៍នេះបានរំខានយ៉ាងខ្លាំងដល់ចរាចរណ៍ និងបណ្តាលឱ្យផ្លូវសំខាន់ៗជាច្រើនកន្លែងត្រូវលិចលង់ទាំងស្រុង នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍។


រដ្ឋបាលក្រុងបាងកកបានរាយការណ៍ពីកម្រិតទឹកជំនន់ចន្លោះពី ៥ ទៅ ២០ សង់ទីម៉ែត្រ នៅក្នុងសង្កាត់យ៉ាងហោចណាស់ ១៥ កន្លែង។ ទឹកជំនន់នៅក្នុងសង្កាត់ Bang Sue បានបង្ខំឱ្យមានការបិទផ្លូវក្រោមដីនៅព្រឹកថ្ងៃចន្ទ ខណៈដែលក្រុមការងារក្នុងទីក្រុងបានដាក់ពង្រាយម៉ាស៊ីនបូមទឹកជាច្រើនគ្រឿង ដើម្បីរំដោះទឹកចេញ។

អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានថ្លែងថា ប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុងត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងទឹកភ្លៀងត្រឹម ៦០ មិល្លីម៉ែត្រ ប៉ុន្តែទឹកភ្លៀងកាលពីយប់មិញបានលើសពីសមត្ថភាពនេះ ទើបបង្កឱ្យមានការជន់លិចទ្រង់ទ្រាយធំបែបនេះ។

នៅខេត្តសាមុតប្រាកាន ទឹកជំនន់ត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅលើផ្លូវសំខាន់ៗជាច្រើនដូចជា ផ្លូវ Sukhumvit, Pu Chao Saming Phrai, Thepharak, Srinagarindra និង Phuttharaksa ដែលបណ្តាលឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅពេលព្រឹកព្រលឹម។


ចំណែកឯនៅទីក្រុងប៉ាតាយ៉ាវិញ ទឹកបានជន់លិចដល់ចង្កេះតាមបណ្តោយផ្លូវ Sukhumvit ពីប៉ាតាយ៉ាខាងជើងទៅប៉ាតាយ៉ាខាងត្បូង ខណៈដែលផ្លូវប៉ាតាយ៉ាលេខ ៣ និងតំបន់ទំនាបជុំវិញក៏ត្រូវជន់លិចផងដែរ ដែលធ្វើឱ្យយានយន្តតូចៗមិនអាចធ្វើដំណើរឆ្លងកាត់បាន។

នាយកដ្ឋានឧតុនិយមបានព្យាករណ៍ថា ទឹកភ្លៀងនឹងថយចុះនៅភាគខាងជើង និងកណ្តាលប្រទេសថៃ ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ ប៉ុន្តែបានព្រមានពីការកើនឡើងជាថ្មីម្តងទៀត ចាប់ពីថ្ងៃសុក្រដល់ចុងសប្តាហ៍។

ទន្ទឹមនឹងនេះ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយបានបញ្ជាក់ថា ទឹកជំនន់នៅតែបន្តមាននៅក្នុងផ្នែកខ្លះនៃខេត្តចំនួន ១២ រួមមាន៖ Phitsanulok, Phichit, Nakhon Sawan, Uthai Thani, Sing Buri, Ang Thong, Suphan Buri, Ayutthaya, Pathum Thani, Nonthaburi, Nakhon Pathom និង Ubon Ratchathani។

អាជ្ញាធរបានជំរុញឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទំនាប និងងាយរងគ្រោះដោយទឹកជំនន់ ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ដែលអាចនឹងកើតឡើង និងត្រូវតាមដានការព្យាករណ៍អាកាសធាតុឱ្យបានដិតដល់។

administrator

Related Articles