រឿងប្រហិត! បុរសម្នាក់ទាញកាំបិតចុងស្រួចចាក់មិត្តភក្តិរបួសធ្ងន់ ក្រោយឈ្លោះប្រកែកគ្នារឿងមិនព្រមហូបប្រហិតថៃ

រឿងប្រហិត! បុរសម្នាក់ទាញកាំបិតចុងស្រួចចាក់មិត្តភក្តិរបួសធ្ងន់ ក្រោយឈ្លោះប្រកែកគ្នារឿងមិនព្រមហូបប្រហិតថៃ

កណ្តាល៖ ករណីហិង្សាដោយចេតនាមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់។ ភ្លាមៗកម្លាំងនគរបាលស្រុកកៀនស្វាយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដើម្បីចាត់ការតាមច្បាប់។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជន ណារ៉ន់ អាយុ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិទួលត្នោត ខេត្តកណ្តាល។ ចំណែកឯជនសង្ស័យមានឈ្មោះ អែម សម្បត្តិ អាយុ ២៦ ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិជាមួយគ្នា។ image

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិប្រមាណ ៥នាក់ កំពុងជួបជុំផឹកស្រាបៀរលេង នៅទីតាំងកើតហេតុខាងលើ។ ស្របពេលនោះ ជនរងគ្រោះបានយកប្រហិតមកចែកគ្នាដើម្បីក្លែម។ មិត្តភក្តិម្នាក់បានហុចប្រហិតមួយដុំឲ្យជនសង្ស័យ ប៉ុន្តែជនសង្ស័យបានបដិសេធមិនទទួលយក ដោយលើកហេតុផលថា “មើលទៅគួរឲ្យខ្ពើម មិនចង់ហូបទេ”។ ឆ្លងឆ្លើយពាក្យសម្តីគ្នាបន្តិច ក៏កើតមានជាជម្លោះពាក្យសម្ដី រហូតឈានដល់ការប្រវាយប្រតប់គ្នាទៅវិញទៅមកមួយដៃម្នាក់។

ក្រោយពីវាយតប់គ្នា ជនសង្ស័យបានដើរចេញពីកន្លែងកើតហេតុមួយសន្ទុះ ក៏ត្រឡប់មកវិញទាំងមានកាំបិតចុងស្រួចមួយនៅក្នុងហោប៉ៅខោ។ ភ្លាមៗនោះ ជនសង្ស័យបានស្ទុះទៅចាក់ជនរងគ្រោះមួយកាំបិតចំឆ្អឹងជំនីខាងស្តាំ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរតែម្ដង។ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានជួយដឹកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយភ្លាមៗ ប៉ុន្តែដោយសាររបួសធ្ងន់ ក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យខ្មែរ-សូវៀត រាជធានីភ្នំពេញ។ image

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួន និងរក្សាវត្ថុតាងបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

administrator

Related Articles