កំពង់ឆ្នាំង៖ ឧត្តមសេនីយ៍ទោ សេង ធារិន បញ្ជាផ្ទាល់បង្ក្រាបរថយន្តដឹកលៀសខុសច្បាប់ ២០តោន បម្រុងនាំចេញទៅវៀតណាម!

កំពង់ឆ្នាំង៖ ឧត្តមសេនីយ៍ទោ សេង ធារិន បញ្ជាផ្ទាល់បង្ក្រាបរថយន្តដឹកលៀសខុសច្បាប់ ២០តោន បម្រុងនាំចេញទៅវៀតណាម!

កំពង់ឆ្នាំង៖ នៅល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៤៖២២នាទីរសៀល កម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ដឹកនាំបញ្ជាផ្ទាល់ដោយ ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប រួមជាមួយកម្លាំងយោធភូមិភាគទី៥ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ស វិបុល កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ី រស្មីចន្នី និងកម្លាំងជំនាញរដ្ឋបាលជលផល បានបើកប្រតិបត្តិការបង្ក្រាបរថយន្តដឹកលៀសខុសច្បាប់មួយគ្រឿង ដែលផ្ទុកលៀសរហូតដល់ ២០តោន។

រថយន្តម៉ាក Hiundy (ហ៊ីយិនដាយ) ស្លាកលេខ ភ្នំពេញ 3H. 0196 នេះ ត្រូវបានបើកបរដោយឈ្មោះ ចាន់ ធី ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ជននេះបានសារភាពថា បានដឹកជញ្ជូនលៀសប្រភេទចំណីល្អិតៗទាំងនេះចេញពីកំពង់ឃ្នៀស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានបំណងដឹកបន្តទៅកាន់ប្រទេសវៀតណាម។

ការបង្ក្រាបនេះធ្វើឡើងនៅត្រង់ចំណុចភូមិស្វាយបេការ៉ង ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្រោយឃាត់បាន កម្លាំងចម្រុះបាននាំយកវត្ថុតាង និងជនសង្ស័យ ទៅស្នាក់ការយោធភូមិភាគទី៥ ទិសឆ្នុកទ្រូ ដើម្បីចាត់ការតាមនីតិវិធី។ សម្រាប់លៀសប្រភេទចំណីល្អិតៗទាំង ២០តោននេះ ត្រូវបានមន្ត្រីរដ្ឋបាលជលផល និងកម្លាំងចម្រុះ ចាក់លែងចូលទៅក្នុងបឹងទន្លេសាបវិញ នៅចំណុចភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ទោះបីជាកងទ័ពជាប់ដៃការពារបូរណភាពទឹកដីយ៉ាងណាក៏ដោយ ក៏កិច្ចការពារធនធានធម្មជាតិនៅបឹងទន្លេសាប គឺជាភារកិច្ចសំខាន់ដែលមិនអាចធ្វេសប្រហែសបាន។ លោកបន្តថា ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទគ្រប់ទម្រង់ ដូចជា ឆក់ក្តៅ ត្រជាក់ ដាក់របាំងស្បៃ លបបណរ៉ាវ ក្នុងតំបន់ព្រៃលិចទឹក និងការនេសាទដោយឧបករណ៍ខុសច្បាប់ផ្សេងៗទៀត នឹងបន្តធ្វើឡើងជារៀងរាល់ថ្ងៃ ដោយគ្មានការលើកលែងឡើយ។ វិធានការតឹងរ៉ឹងនេះ គឺដើម្បីធានាការការពារធនធានធម្មជាតិ និងជីវចម្រុះលើផ្ទៃបឹងទន្លេសាប ដែលជាប្រភពធនធានមច្ឆាជាតិដ៏សំខាន់ សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ និងរួមចំណែកដល់ផលប្រយោជន៍សេដ្ឋកិច្ចជាតិ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនលៀសខុសច្បាប់នេះបានកើតឡើង។ កន្លងមក នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៨យប់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ និងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង២៖៣០នាទីយប់ ក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ ក៏មានការបង្ក្រាបករណីស្រដៀងគ្នានេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ទោ សេង ធារិន រួចមកហើយដែរ។

administrator

Related Articles