ប្រទេសចិន៖ យោងតាមការចុះផ្សាយរបស់ CCFR លោកប្រធានរដ្ឋចិន ស៊ី ជីនពីង បានធ្វើមាតុភូមិនិវត្តន៍មកដល់ក្រុងប៉េកាំងវិញ នៅយប់ថ្ងៃទី១ ខែវិច្ឆិកា បន្ទាប់ពីបានបញ្ចប់ការចូលរួមសន្និសីទក្រៅផ្លូវការលើកទី៣២ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកូរ៉េខាងត្បូង។ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន ស៊ី ជីនពីង ទៅកាន់កូរ៉េខាងត្បូងលើកនេះ ត្រូវបានគេចាត់ទុកថាជា “ការទៅលេងផ្ទះអ្នកជិតខាងដើម្បីសួរសុខទុក្ខមិត្តភក្តិ” បន្ទាប់ពីបានខកខានអស់រយៈពេល ១១ឆ្នាំ។ នេះក៏ជាជំនួបពិភាក្សាលើកដំបូងរវាងប្រមុខរដ្ឋចិន និងកូរ៉េខាងត្បូង បន្ទាប់ពីលោក Lee Jae-myung ឡើងកាន់តំណែងជាប្រធានាធិបតីផងដែរ។
ដំណើរទស្សនកិច្ចដ៏សំខាន់នេះ បានជំរុញយ៉ាងខ្លាំងនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌មនុស្សជាតិ រវាងចិន និងកូរ៉េខាងត្បូង។ ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងឈានដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

ក្នុងនាមជាប្រទេសជិតខាង និងដៃគូសហប្រតិបត្តិការដ៏សំខាន់ ចាប់តាំងពីបានបង្កើតទំនាក់ទំនងផ្លូវទូតនៅឆ្នាំ១៩៩២មក ចិន និងកូរ៉េខាងត្បូងបានជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងវិបុលភាពរួម។ ទំហំពាណិជ្ជកម្មទ្វេភាគីសរុប រវាងចិន និងកូរ៉េខាងត្បូងនៅឆ្នាំ២០២៤ បានកើនឡើងលើសពី ៦០ដង បើប្រៀបធៀបនឹងកាលពីបង្កើតទំនាក់ទំនងផ្លូវទូតដំបូងៗ។ ចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំទីមួយរបស់កូរ៉េខាងត្បូងក្នុងរយៈពេល ២១ឆ្នាំជាប់ៗគ្នា ខណៈកូរ៉េខាងត្បូងគឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់ចិន។ ក្នុងរយៈពេល ៣៣ឆ្នាំកន្លងទៅនេះ កិច្ចសហប្រតិបត្តិការរវាងចិន និងកូរ៉េខាងត្បូងទទួលបានសមិទ្ធផលផង ហើយក៏ឆ្លងកាត់ឧបសគ្គផងដែរ។
បច្ចុប្បន្ននេះ តើនឹងត្រួសត្រាយស្ថានភាពថ្មីនៃទំនាក់ទំនងរវាងចិន និងកូរ៉េខាងត្បូងតាមរបៀបណា? លោកប្រធានរដ្ឋចិន ស៊ី ជីនពីង បានលើកឡើងសំណើ ៤ចំណុចគឺ៖ “បង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ ពង្រឹងមូលដ្ឋានគ្រឹះនៃការកសាងទំនុកចិត្តគ្នា” “ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ពង្រឹងខ្សែសង្វាក់ផលប្រយោជន៍ឱ្យកាន់តែរឹងមាំ” “លើកកម្ពស់មនោសញ្ចេតនារបស់ប្រជាជន ជំរុញការតភ្ជាប់ដួងចិត្តរវាងប្រជាជន និងប្រជាជន” និង “ធ្វើឱ្យកិច្ចសហប្រតិបត្តិការពហុភាគីមានភាពជិតស្និទ្ធ រួមគ្នាជំរុញការអភិវឌ្ឍដោយសន្តិភាព”។ លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae-myung បានថ្លែងថា ភាគីកូរ៉េខាងត្បូងយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយប្រទេសចិន រីករាយខិតខំប្រឹងប្រែងជាមួយភាគីចិន ដើម្បីជំរុញឱ្យទំនាក់ទំនងសហប្រតិបត្តិការដ៏មេត្រីភាពទ្វេភាគីទទួលបានការអភិវឌ្ឍកាន់តែធំឡើង។
ការកសាងទំនុកចិត្តខាងនយោបាយជាមូលដ្ឋាននៃទំនាក់ទំនងរវាងចិន និងកូរ៉េខាងត្បូង។ ប្រឈមមុខនឹងបម្រែបម្រួលដ៏ស្មុគ្រស្មាញនៃបរិយាកាសអន្តរជាតិ ចិន និងកូរ៉េខាងត្បូងប្រកាន់ខ្ជាប់គោលបំណងដើមនៃការបង្កើតទំនាក់ទំនងផ្លូវទូត ទប់ស្កាត់ការរំខានពីខាងក្រៅ អភិវឌ្ឍរួមគ្នាដោយគោរពគ្នាទៅវិញទៅមក និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក្នុងការស្វែងរកចំណុចឯកភាពគ្នា និងរក្សាទុកគំនិតមិនស្របគ្នា។ នេះគឺជាចំណែកដ៏គន្លឹះបំផុតក្នុងការត្រួសត្រាយស្ថានភាពថ្មីនៃទំនាក់ទំនងទ្វេភាគី។
កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជា “យុថ្កាសម្រាប់លំនឹងនាវា” នៃទំនាក់ទំនងរវាងចិន និងកូរ៉េខាងត្បូង។ នៅឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកូរ៉េខាងត្បូងឡើងដល់ ៣២៨ប៊ីលានដុល្លារអាមេរិក ដែលកើនឡើង ៥,៦ភាគរយ។ តាមរបាយការណ៍នៃធនាគារនាំចេញនាំចូលរបស់កូរ៉េខាងត្បូង និងវិទ្យាស្ថានសិក្សាស្រាវជ្រាវឧស្សាហកម្មកូរ៉េខាងត្បូង កាលពីខែឧសភាឆ្នាំនេះបានបង្ហាញឱ្យដឹងថា ប្រទេសទាំងពីរចិន និងកូរ៉េខាងត្បូងបង្កើតបានជាការបំពេញបន្ថែមឧត្តមភាពគ្នាកម្រិតខ្ពស់ក្នុងវិស័យខ្សែសង្វាក់ឧស្សាហកម្មគន្លឹះ ដូចជាវត្ថុពាក់កណ្ដាលចម្លង និងថ្មពិលជាដើម។ ក្នុងនាមជាអ្នកទទួលផលប្រយោជន៍ និងអ្នកជំរុញការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ចិន និងកូរ៉េខាងត្បូងក៏មានគំនិតឯកភាពរួមក្នុងវិស័យធ្វើពហិការចំពោះ “ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច” និងគាំពារស្ថិរភាព និងភាពរលូននៃពាណិជ្ជកម្មសេរី និងខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ដែរ។
ការជួយដល់ជិតខាងក៏ជួយដល់ខ្លួនឯង។ បច្ចុប្បន្ននេះ និន្នាការកែលម្អទំនាក់ទំនងរវាងចិន និងកូរ៉េខាងត្បូងទៅរកភាពល្អប្រសើរ គឺទទួលបានដោយមិនងាយទេ យើងគួរថែរក្សា និងឱ្យតម្លៃទ្វេដង។ ឈរនៅទីចាប់ផ្តើមថ្មី ចិន និងកូរ៉េខាងត្បូងដែលជាប្រទេសជិតខាងដែលមិនអាចរើចេញបាន និងជាដៃគូសហប្រតិបត្តិការដែលមិនអាចបំបែកបាន នឹងចេញដំណើរទៅមុខម្តងទៀត។ ការអនុវត្តជាក់ស្តែងឱ្យបានល្អនូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ វាមិនត្រឹមតែមានអំណោយផលដល់ប្រជាជននៃប្រទេសទាំងពីរនោះទេ ថែមទាំងក៏នឹងបំពេញបន្ថែមនូវកម្លាំងវិជ្ជមានសម្រាប់សន្តិភាព និងវិបុលភាពរបស់អាស៊ី-ប៉ាស៊ីហ្វិក និងពិភពលោកផងដែរ។ ដោយ៖ តារា
