ស៊ែប៊ី បើកភ្លើងខៀវលក់គ្រាប់រំសេវឱ្យ EU គ្មានដែនកំណត់ ត្រៀមផ្គត់ផ្គង់ពេញទំហឹង!

ស៊ែប៊ី បើកភ្លើងខៀវលក់គ្រាប់រំសេវឱ្យ EU គ្មានដែនកំណត់ ត្រៀមផ្គត់ផ្គង់ពេញទំហឹង!

ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vučić បានប្រកាសយ៉ាងច្បាស់ថា ប្រទេសរបស់លោកត្រៀមខ្លួនជាស្រេចក្នុងការផ្គត់ផ្គង់គ្រាប់រំសេវជាច្រើនសន្ធឹកសន្ធាប់ រួមទាំងគ្រាប់កាំភ្លើងត្បាល់ ដល់សហភាពអឺរ៉ុប ដោយគ្មានការដាក់កម្រិតណាមួយលើការប្រើប្រាស់ឡើយ។ លោកបញ្ជាក់ថា EU អាចយកទៅប្រើប្រាស់តាមតម្រូវការរបស់ខ្លួនបាន។

យោងតាមការចុះផ្សាយរបស់ Militarnyi លោក Vučić បានសង្កត់ធ្ងន់ថា ស៊ែប៊ីមានបំណងចុះកិច្ចសន្យារយៈពេលវែងជាមួយប្លុកអឺរ៉ុប ដើម្បីជួយឧស្សាហកម្មការពារជាតិរបស់ខ្លួនរៀបចំផែនការផលិតកម្មបានកាន់តែប្រសើរ។ លោកបន្ថែមទៀតថា «អឺរ៉ុបអាចធ្វើអ្វីក៏បានតាមតែពួកគេចង់» ដែលបញ្ជាក់ពីគោលជំហរមិនរឹតត្បិតការប្រើប្រាស់គ្រាប់រំសេវទាំងនោះ។

ការថ្លែងរបស់មេដឹកនាំស៊ែប៊ីនេះ កើតឡើងចំពេលបណ្ដាប្រទេសអឺរ៉ុបកំពុងបង្កើនការខិតខំប្រឹងប្រែងផលិតអាវុធ ដើម្បីទប់ទល់នឹងការខ្វះខាត ដោយសារការបន្តផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន។

ឆ្លើយតបនឹងការរិះគន់អំពីការចូលរួមរបស់ស៊ែប៊ីក្នុងក្បួនដង្ហែយោធារុស្ស៊ី លោក Vučić បានការពារខ្លួនថា នេះជាប្រពៃណីប្រវត្តិសាស្ត្រដែលភ្ជាប់ទៅនឹងការរំដោះទីក្រុងបែលក្រាដ ដោយកងទ័ពក្រហម និងពួកយូហ្គោស្លាវី ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។

លោកក៏បានបញ្ជាក់ដែរថា ប្រទេសស៊ែប៊ីមិនបានជួបប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន តាំងពីសង្គ្រាមនៅអ៊ុយក្រែនចាប់ផ្ដើមឡើយ ហើយទីក្រុងបែលក្រាដបានថ្កោលទោសចំពោះការឈ្លានពានរបស់ទីក្រុងម៉ូស្គូ។ លោក Vučić បន្ថែមថា ស៊ែប៊ីបានផ្ដល់ជំនួយមនុស្សធម៌ និងហិរញ្ញវត្ថុដល់អ៊ុយក្រែន ដែលមានចំនួនច្រើនជាងប្រទេសផ្សេងទៀតនៅតំបន់បាល់កង់ទៅទៀត។

ការអត្ថាធិប្បាយទាំងនេះបានបង្ហាញពីជំហររក្សាតុល្យភាពរបស់ស៊ែប៊ី រវាងការរក្សាទំនាក់ទំនងប្រវត្តិសាស្ត្រជាមួយរុស្ស៊ី និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប ដែលជាដៃគូពាណិជ្ជកម្ម និងនយោបាយដ៏ធំបំផុតរបស់ខ្លួន។

administrator

Related Articles