សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញ ១១ ចំណុចគន្លឹះ ជំរុញសន្តិសុខស្បៀង និងអាហារូបត្ថម្ភជាតិ ឆ្នាំ២០២៥

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញ ១១ ចំណុចគន្លឹះ ជំរុញសន្តិសុខស្បៀង និងអាហារូបត្ថម្ភជាតិ ឆ្នាំ២០២៥

ភ្នំពេញ៖ «អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ» ជាឃ្លាដ៏មានអត្ថន័យជ្រាលជ្រៅ ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់។ សម្តេចធិបតី បានលើកឡើងថា សង្គមដែលមានប្រជាពលរដ្ឋទទួលបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភគ្រប់គ្រាន់ គឺជាសង្គមរឹងមាំ ប្រកបដោយភាពធន់ សាមគ្គីភាព ការអភិវឌ្ឍ និងស្ថិរភាព។ ផ្ទុយទៅវិញ បើប្រជាពលរដ្ឋខ្វះខាតស្បៀង និងអាហារូបត្ថម្ភ សង្គមនោះនឹងមិនអាចរក្សាសន្តិភាព និងសុខុមាលភាពបានឡើយ។
Prime Minister Hun Manet

តាមរយៈសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១២ (៦ វិច្ឆិកា ២០១៤ – ៦ វិច្ឆិកា ២០២៥) ក្រោមប្រធានបទ «អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ» សម្ដេចធិបតីបានសង្កត់ធ្ងន់ថា សន្តិភាពបានផ្តល់ឥទ្ធិពលវិជ្ជមានលើជីវភាពរស់នៅប្រចាំថ្ងៃ បង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋបរិភោគអាហារជាមួយក្រុមគ្រួសារដោយផាសុកភាព និងសុវត្ថិភាព។ បើគ្មានសន្តិភាព យើងក៏មិនអាចបង្កបង្កើនផល ឬប្រកបរបរចិញ្ចឹមជីវិតដើម្បីសន្តិសុខស្បៀង និងអាហារូបត្ថម្ភបានដែរ។

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» សំដៅជំរុញកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ នេះក៏រួមចំណែកបន្តពង្រឹង និងអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងធន់ ដើម្បីធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ និងសុវត្ថិភាពស្បៀង លើកកម្ពស់គុណភាពជីវភាពប្រជាជន។
Cambodian Food

ក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភ លើកទី១២ ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលសូមផ្តល់អនុសាសន៍ ១១ ចំណុចដូចតទៅ៖

* **១- ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ៖** ត្រូវបន្តសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីស្វែងរកធនធានអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ (២០២៤-២០២៨) និងផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (២០២៥-២០៣០) ឱ្យទទួលបានជោគជ័យ។
* **២- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖** ត្រូវបន្តពង្រឹងប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្មកសិកម្មប្រកបដោយនិរន្តរភាព លើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មដំណាំ សត្វ និងត្រី។ ជំរុញប្រជាពលរដ្ឋឱ្យដាំដំណាំ ចិញ្ចឹមសត្វ វារីវប្បកម្ម ព្រមទាំងកែលម្អគុណភាព និងសុវត្ថិភាពផលិតផលកសិកម្មសម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ តាមរយៈការបង្កើតសហគមន៍កសិកម្មទំនើប ការដាក់ពង្រាយមន្ត្រីកសិកម្មតាមឃុំ ការស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកវិទ្យាថ្មីៗ។
* **៣- ក្រសួងសុខាភិបាល៖** ត្រូវបន្តអប់រំផ្សព្វផ្សាយស្ត្រីពីអាហារូបត្ថម្ភពេលមានផ្ទៃពោះ និងក្រោយសម្រាល ព្រមទាំងការបំបៅកូនដោយទឹកដោះម្តាយរហូតដល់អាយុយ៉ាងតិច ២ ឆ្នាំ។ ជំរុញឱ្យមាតាបិតានាំកុមារក្រោម ២ ឆ្នាំ ទៅតាមដានសុខភាព និងនាំកុមារអាយុ ៦ ខែ ដល់ ៥៩ ខែ ទទួលគ្រាប់ថ្នាំជីវជាតិអា ២ ដងក្នុងមួយឆ្នាំ ដើម្បីជួយការលូតលាស់ និងពង្រឹងប្រព័ន្ធភាពស៊ាំ។
Healthy Food
* **៤- ក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ:** ត្រូវសហការកាត់បន្ថយការបាត់បង់ និងខ្ជះខ្ជាយស្បៀងអាហារ ព្រមទាំងគ្រប់គ្រងហានិភ័យតាមខ្សែច្រវាក់ផលិតកម្មកែច្នៃ និងវេចខ្ចប់។ ធានាការអនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងប្រកាសស្តីពីការគ្រប់គ្រងអនាម័យ និងសុវត្ថិភាពចំណីអាហារតាមដងផ្លូវ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ។
* **៥- ក្រសួងអប់រំ យុវជន និងកីឡា៖** ត្រូវពង្រឹងវិធានការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា និងហាមឃាត់ការទទួលទាន ចែកចាយ លក់ដូរ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ ក្នុងនិងជុំវិញបរិវេណសាលា។ បន្តលើកកម្ពស់ការអប់រំអាហារូបត្ថម្ភដល់សិស្សានុសិស្ស តាមរយៈកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍។
* **៦- គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា៖** ត្រូវបន្តកែលម្អប្រព័ន្ធស្បៀងបម្រុងឱ្យមានលទ្ធភាព និងគុណភាពខ្ពស់ ដើម្បីអន្តរាគមន៍ជួយប្រជាពលរដ្ឋ តាមរយៈការផ្តល់ស្បៀង គ្រាប់ពូជស្រូវ និងបន្លែ សម្រាប់ស្តារការដាំដុះឡើងវិញក្រោយគ្រោះមហន្តរាយ។ ជំរុញការដាំដុះបន្លែមានសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់គ្រួសារ ដើម្បីលើកកម្ពស់អាហារូបត្ថម្ភ បង្កើនភាពធន់ផ្នែកស្បៀង ប្រាក់សន្សំ និងប្រាក់ចំណូល។
* **៧- ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសុខាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ:** ត្រូវរួមសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដើម្បីជំរុញការផ្គត់ផ្គង់ និងប្រើប្រាស់ទឹកស្អាត និងអនាម័យ ដែលគិតគូរដល់អាហារូបត្ថម្ភ។
* **៨- ក្រសួងបរិស្ថាន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ:** ត្រូវលើកកម្ពស់អាហារូបត្ថម្ភ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈសកម្មភាពគ្រប់គ្រងតំបន់ការពារធម្មជាតិ គាំទ្រសហគមន៍តំបន់ការពារធម្មជាតិ គ្រប់គ្រងតំបន់អេកូទេសចរណ៍ ពង្រីកចលនាដាំដើមឈើ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឆ្ពោះទៅរកអព្យាក្រឹតកាបូន។
Community Farming
* **៩- ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភជាតិ៖** ក្រោមការដឹកនាំរបស់ក្រសួងផែនការ ត្រូវសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន បន្តពង្រឹងការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារឱ្យបានទូលំទូលាយ និងជំរុញការអនុម័តយុទ្ធសាស្ត្រជាតិស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ ឆ្នាំ២០២៥-២០៣០ ។
* **១០- ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ រាជធានី-ខេត្ត រដ្ឋបាលថ្នាក់ក្រោមជាតិ៖** ត្រូវសហការជាមួយភាគីពាក់ព័ន្ធ ធ្វើចលនាប្រជាពលរដ្ឋឱ្យដាំដុះដំណាំ ចិញ្ចឹមសត្វ និងត្រីជាលក្ខណៈគ្រួសារ តាមសហគមន៍ និងតាមសាលារៀន ដើម្បីបង្កើនភាពមានស្បៀងគ្រប់គ្រាន់ គុណភាព សុវត្ថិភាព និងអាហារចម្រុះមុខ។ ត្រូវធ្វើចលនាយុវជនឱ្យយល់ដឹងពីរបៀបធ្វើម្ហូបខ្មែរ និងលើកកម្ពស់ការបរិភោគអាហារចម្រុះបែបប្រពៃណីខ្មែរ ដោយប្រើប្រាស់អំបិល ស្ករ ខ្លាញ់ និងសារធាតុបន្ថែមរសជាតិសមល្មម ព្រមទាំងគាំទ្រអ្នកផលិតម្ហូបខ្មែរដែលសម្បូរមីក្រូសារជាតិ និងមានសុវត្ថិភាព។
* **១១- ប្រជាពលរដ្ឋគ្រប់រូប និងអ្នកពាក់ព័ន្ធ៖** សូមចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិត កែច្នៃ រក្សាទុក និងចែកចាយផលិតផលម្ហូបអាហារ ទាំងស្រស់ និងឆ្អិនស្រាប់ ឱ្យមានអនាម័យ សុវត្ថិភាព និងគុណភាព ស្របតាមស្តង់ដា និងលក្ខខណ្ឌតម្រូវស្តីពីអនាម័យ និងសុវត្ថិភាពម្ហូបអាហារ ស្របតាមពាក្យស្លោក «ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត»។

ដោយ៖ តារា

administrator

Related Articles