ដំណឹងរីករាយ! ស្ពានមេគង្គក្រចេះ នឹងបើកដំណើរការជាផ្លូវការ ថ្ងៃទី១ មេសា ២០២៦

ដំណឹងរីករាយ! ស្ពានមេគង្គក្រចេះ នឹងបើកដំណើរការជាផ្លូវការ ថ្ងៃទី១ មេសា ២០២៦

ក្រចេះ៖ ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នករស់នៅខេត្តក្រចេះ និងតំបន់ជុំវិញ ត្រៀមទទួលបានដំណឹងដ៏រីករាយមួយ! ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រមួយទៀតរបស់កម្ពុជា នឹងបើកដំណើរការជាផ្លូវការសម្រាប់ឱ្យបងប្អូនឆ្លងកាត់ដោយសេរី ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ ដោយលែងមានការបិទចរាចរណ៍ទៀតហើយ។

ការប្រកាសដ៏គួរឱ្យសាទរនេះ ធ្វើឡើងដោយលោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកបានបញ្ជាក់ថា បច្ចុប្បន្ន ក្រុមការងារកំពុងបន្តពន្លឿនការងារសាងសង់បញ្ចប់មួយចំនួនទៀត រួមមាន ការគូសគំនូសចរាចរណ៍លើស្ពាន និងការបំពាក់បង្គោលបំភ្លឺស្ពាន ដើម្បីឱ្យរួចរាល់មុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៦ ខាងមុខនេះ។

ជាមួយគ្នានេះ ក្រុមហ៊ុនសាងសង់ក៏នឹងបន្តការងារសាងសង់ផ្លូវតភ្ជាប់សំខាន់ៗ និងផ្លូវខ្នែងបន្ថែមទៀត ឱ្យបានរួចរាល់មុនកាលកំណត់នៃកិច្ចសន្យា។ គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបានវឌ្ឍនភាពសាងសង់រហូតដល់ ៩៨,៣៦% ហើយ។ ចំពោះគម្រោងទាំងមូល ដែលរួមបញ្ចូលទាំងស្ពាន ផ្លូវតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធរណបមួយចំនួនទៀត គឺសម្រេចបានវឌ្ឍនភាពសាងសង់សរុប ៨៧,៣៩%។

ស្ពានប្រវត្តិសាស្ត្រនេះ មានទីតាំងភូមិសាស្ត្រយ៉ាងសំខាន់ ដោយត្រើយខាងកើតស្ថិតនៅភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតនៅភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ ស្ពាននេះមានមុខកាត់ទទឹងជាង ១៣ម៉ែត្រ ដែលបំពាក់ដោយគន្លងផ្លូវសម្រាប់រថយន្ត ២គន្លង (ទៅ-មក) គន្លងផ្លូវសម្រាប់ទោចក្រយាន ២គន្លង (ទៅ-មក) និងផ្លូវថ្មើរជើង ២គន្លង (ទៅ-មក) ដែលមានប្រវែង ១ម៉ែត្រ រួមទាំងបង្កាន់ដៃស្ពានសងខាងយ៉ាងរឹងមាំ។

ចំណែកឯផ្លូវតភ្ជាប់សរុបមានប្រវែងជាង ៣២គីឡូម៉ែត្រ រួមមាន ផ្លូវតភ្ជាប់ពីក្បាលស្ពានប្រវែងជាង ១៥គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ ដែលមានប្រវែងជាង ១៦គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងអស់នេះត្រូវបានសាងសង់ ពង្រីក និងលើកកម្រិតគុណភាពដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៧សង់ទីម៉ែត្រដូចគ្នា។ ក្នុងនោះ កំណាត់ផ្លូវ ៤ខ្សែ ប្រវែងជិត ២៧គីឡូម៉ែត្រ ត្រូវបានស្ថាបនាពង្រីកទទឹងចាប់ពី ៩ម៉ែត្រ រហូតដល់ ១៣ម៉ែត្រ លើតួផ្លូវចាប់ពី ១១ម៉ែត្រ រហូតដល់ជិត ២០ម៉ែត្រ។ ចំណែកឯកំណាត់ផ្លូវ ១ខ្សែ ប្រវែងជាង ៥គីឡូម៉ែត្រ ត្រូវបានពង្រីកទទឹង ១៩ម៉ែត្រ លើតួផ្លូវ ៣០ម៉ែត្រ ដោយមានការពុះទ្រូងផ្លូវនៅចំកណ្តាលធ្វើជាសួនរុក្ខជាតិបៃតងប្រវែង ៤ម៉ែត្រផងដែរ។

ផ្លូវ និងស្ពាន ត្រូវបានចាត់ទុកជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ក្នុងនោះ កិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន។ គម្រោងស្ពាននេះក៏ជាគម្រោងយុទ្ធសាស្ត្រមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជុំជន តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ នៃបណ្តាខេត្តដទៃទៀតផងដែរ។

administrator

Related Articles